(ក្រចេះ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងស្ថាប័នពាក់ព័ន្ធ អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ដ្រីរាជការគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត-ស្រុកជាច្រើនរូបទៀតផងដែរ។
បន្ទាប់ពីអានសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលស្ដីពី ការតែងតាំងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តក្រចេះ និងប្រគល់សេចក្ដីសម្រេច ដោយសម្ដេចក្រឡាហោម ស ខេង រួចមក លោក ព្រុំ សុខា រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានធ្វើការប្ដេជ្ញាចិត្តថា នឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធជាមួយ រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះដែលមានស្រាប់។
លោក ព្រុំ សុខា បានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាព និងកាលៈទេសៈបែបណាក៏ដោយ ក៏កម្លាំងសាមគ្គីពិតជាពុះពារសម្រេចបានកិត្តិយសនៅភារកិច្ច និងការទទួលខុសត្រូវដែលរាជរដ្ឋាភិបាល និងប្រជាជនប្រគល់ឲ្យ ដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ សម្រាប់អនាគតដ៏រុងរឿងជារៀងរហូត។
បើតាមលោក ព្រុំ សុខា ក្រុមការងារនឹងបន្តសហការត្រួតពិនិត្យ និងជួយរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យសម្រេចភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការចូលរួមចំណែកអនុវត្តដោយជោគជ័យ នូវគោលនយោបាយកំណែទម្រង់ លើវិស័យអាទិភាព ពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង លើកឡើងថា យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តក្រចេះ ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តក្រចេះ ដោយមានកិច្ចគាំទ្រទាំងស្មារតីធនធាន និងសម្ភារ ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តបាននូវសមិទ្ធផល សេដ្ឋកិច្ច និងសង្គម សេវាសាធារណៈ ដោយខិតខំលើកកម្ពស់ការទទួលខុសត្រូវ លើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋាន។
សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវផ្សាភ្ជាប់ ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សំដៅចូលរួមដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរ និងគាំទ្រជំរុញការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឲ្យកាន់តែមានប្រសិទ្ធភាព៕