(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានអរគុណបងប្អូនម្ចាស់រ៉ឺម៉កកង់បី តាក់ស៊ី និងអ្នករត់ PassApp ដែលបានចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមការពារការរាតត្បាតនៃជំងឺកូវីដ-១៩ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរណ៍សម្រាប់ថ្ងៃ «សម្រាកសៀមរាប» ក្នុងឱកាសដែលលោកបានជួបតំណាងរបស់ពួកគាត់ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នៅសួនច្បារព្រះរាជដំណាក់ នាមាត់ស្ទឹងសៀមរាប។
លោកអភិបាលខេត្ត នៅតែបន្តអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋដែលមានបំណងមកលេងខេត្តសៀមរាប សូមកុំភ្លេចនូវចំណុចចំនួន ៣ដែលសំខាន់ៗ ដើម្បីពង្រឹងការអនុវត្តវិធានការ ការពារសុវត្ថិភាពសង្គម តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការរាតត្បាតជំងឺកូវីដ១៩ ក្នុងអំឡុងពេលឈប់សម្រាក ដូចខាងក្រោម៖
*ទី១៖ កុំភ្លេច ត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា
*ទី២៖ កុំភ្លេច ជែល ឬអាល់កុលលាងដៃ «យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ»
*ទី៣៖ កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម «ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩»។
សូមរំលឹកថា ចំពោះកម្មវិធី គឺមានដូចជា៖
*កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ
*កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២
*កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប
*ផ្សារទឹក
*ផាប់ស្ទ្រីត
*កម្មវិធីជិះកង់
*កម្មវិធីកីឡាវាយកូនហ្គោល
*កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន
*មានកម្មវិធីផ្ទាំងទស្សនីយភាពសិល្បៈចាប់ពីថ្ងៃទី១៧ រហូតដល់ ទី២១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ៕