(កំពង់ធំ)៖ រថយន្តធុនធំចំនួនពីរគ្រឿង ដែលតែងតែគេចវេសជញ្ជីងថ្លឹង ត្រូវបានសមត្ថកិច្ចនៃកងរាជអាវុធហត្ថខេត្តកំពង់ធំ បង្ក្រាបបាននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិវាំង ឃុំ តាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះស្ទាក់ចាប់ រថយន្តចំនួនពីរគ្រឿង ដែលបានដឹកខ្សាច់លើសទម្ងន់ និងពាក់ស្លាកលេខភ្លែងក្លាយគេចវេសជញ្ជីងថ្លឹងទម្ងន់ ដែលធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោក ស៊ិន វិរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។
មន្រ្តីសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ការចុះស្ទាក់ចាប់នេះ បន្ទាប់ពីមានព័ត៌មានពាក់ព័ន្ធទៅនឹងជញ្ជីងនៅឃុំប្រាសាទស្រុកសន្ទុក តាមបណ្ដោយផ្លូវជាតិលេខ៦ ដោយមានការឃុបឃិតគ្នា ជាមួយម្ចាស់រថយន្តដឹកខ្សាច់ប្រភេទវេអង ក្នុងមួយយប់ពី ៣០ ទៅ៤០ឡាន ដោយដឹកចេញពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ជញ្ជីងថ្លឹងរថយន្តដោយបង់លុយ ១៥ម៉ឺនរៀលក្នុងមួយឡាន ហើយឆ្ពោះទៅខេត្តសៀមរាប ដើម្បីដាក់នៅព្រលានយន្តហោះថ្មី។
បើតាមសមត្ថកិច្ច អ្នកបើករថយន្តវេអង ដឹកខ្សាច់ឈ្មោះ អៀង វិល័យ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាទាប ស្រុកចំការលើ ខេត្តកំពង់ចាម បានអះអាងថា រាល់ ពេលរថយន្តរបស់លោកបើកមកដល់ ជញ្ជីងគឺមិនបាច់ចូលថ្លឹងនោះទេ គ្រាន់បង់តែ ១៥ម៉ឺនរៀលជាការស្រេច ហើយរថយន្តរបស់លោក២គ្រឿង ពាក់ស្លាកលេខដូចគ្នា 3A-6578 ដោយមួយគ្រឿងមានពន្ធ រីឯមួយគ្រឿងទៀតអត់មានពន្ធទេ ជារថយន្តកាត់តកែច្នៃពី ៥តោនមកវេអង។
លោក សាយ វាសនា បានបញ្ជាក់ថា រថយន្តទាំង២គ្រឿង ត្រូវបាននាំត្រឡប់ទៅទីតាំងជញ្ជីងថ្លឹងរថយន្តហើយ និងបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ បានអបអរសាទរចំពោះចំណាត់ការរបស់ព្រះរាជអាជ្ញា និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដែលបានបង្រ្កាប ទប់ស្កាត់ការដឹកលើសទម្ងន់ ដែលបណ្ដាលឲ្យមានការខូចខាត ផ្លូវ ថ្នល់។
លោក គង់ វិមាន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអ្នកនាំពាក្យ បានបញ្ជាក់ថា ជានិច្ចជាកាលលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល តែងតែមានការណែនាំដល់មន្រ្តីស្ថានីយ៍ ទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ឡានដឹកលើសទម្ងន់ កំណត់កំរិតដើម្បីចៀសវាងការខូចខាតផ្លូវថ្នល់ ក្នុងការកំណែទម្រង់បានលទ្ធផលល្អច្រើន ដោយមានការអនុវត្តតាមច្បាប់បានច្រើន។ តែចុងក្រោយបានទទួលព័ត៌មានរសើបឡើងវិញ ហើយលោករដ្ឋមន្រ្តីបានឲ្យស្រាវជ្រាវឡើងវិញ ដើម្បីចាត់វិធានការផ្លូវច្បាប់ ចំពោះមន្រ្តីណាដែលមានការខិលខូច។
លោក គង់ វិមាន បានបញ្ជាក់ទៀតថា «នេះជាវិធានការរឹតបន្តឹងការអនុវត្តច្បាប់ទាំងអស់គ្នា មិនមែនតែចំពោះមន្រ្តីប្រចាំស្ថានីយ៍ទេ រួមទាំងបងប្អូនដែលមានរថយន្ត និងការដឹកជញ្ជូន សូមឲ្យចូលរួមគោរពច្បាប់ទាំងអស់គ្នាផង បើមិនអញ្ចឹងទេ ផ្លូវ ថ្នល់ នៅកម្ពុជាទោះបីផ្លូវធ្វើជាប់ប៉ុណ្ណាក៏មិនអាចទ្រាំទ្រ ដោយការដឹកលើសទម្ងន់ ដោយមិនបានគោរពផ្លូវច្បាប់បានដែរ គឺមិនអាចធានាបានទេទាល់តែយើងចូលរួមទាំងអស់គ្នាផង»៕