(កំពង់ធំ)៖ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ រួមនិងក្រុមការងាររបស់លោក បានសម្រេចចិត្តឧបត្ថម្ភជួយជួសជុលផ្លូវមួយខ្សែ ប្រវែង២៣គីឡូម៉ែត្រ ក្នុងឃុំសុចិត្រ ដែលគិតជាថវិកាប្រមាណជាង២០លានរៀល តាមសំណូមពរបស់ប្រជាពលរដ្ឋក្នុងឃុំនេះ។
ការសម្រេចចិត្តជួយជួសជុលផ្លូវមួយខ្សែប្រវែង២៣គីឡូម៉ែត្រ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ ដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្តាន់ បានធ្វើឡើងបន្ទាប់ពីបញ្ចប់ពីកិច្ចប្រជុំស្តីពី «ការតាមដានគាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩» ហើយបានបន្តធ្វើវេទិកាសាធារណៈ នៅក្នុងឃុំសុចិត្រ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។
ក្រៅពីការជួយជួសជុលផ្លូវមួយខ្សែក្នុងឃុំសុចិត្រនោះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ ក៏ថែមទាំងបានដោះស្រាយបញ្ហាមួយចំនួន នៅក្នុងវេទិកាសាធារណៈក្នុងឃុំផ្ទាល់ ដូចជាបញ្ហាអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀភៅស្នាក់នៅជាដើម ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការសប្បាយចិត្តជាខ្លាំង នៅពេលដែលបានឃើញក្រុមការងារទាំងអស់បានចុះទៅជួបពួកគាត់ដល់ទីកន្លែង។
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ ក៏បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ក្នុងឃុំទាំង៩ ក្នុងស្រុកសណ្តាន់ មាន៣០គ្រួសារ សរុបមាន៤៩នាក់ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១ការ៉ុង ស្មើ២៥គីឡូក្រាម, ទឹកស៊ីអ៊ីវ១យួរ ស្មើ៦ដប, សាប៊ូ ២ដុំ, ពូជដំណាំចំនួន៥មុខ (ត្រឡាច, ត្រសក់ស្រូវ, ននោង, ស្ពៃ និងល្ហុង) និងថវិកាចំនួន២ម៉ឺនរៀល សរុបថវិកាអស់ចំនួន១២លានរៀល។
សូមបញ្ជាក់ថា ការជួសជុលផ្លូវប្រវែង២៣គីឡូម៉ែត្រ និងការឧបត្ថម្ភជាអំណោយដល់ប្រជាពលរដ្ឋក្រីករ ក្នុងឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងស្រុកនេះ ចំណាយថវិកាសរុបជាង៣២លានរៀល។
វេទិកាសាធារណៈនៅឃុំសុចិត្រ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ មានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្តាន់ជាច្រើនរូប និងលោកអភិបាលស្រុកសណ្តាន់ រួមនិងមន្ទីរជុំវិញខេត្តដែលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
នៅក្នុងវេទិកាសាធារណៈចុះជួបជាមួយនឹងប្រជាពលរដ្ឋក្នុងឃុំសុចិត្រនោះ លោក លេង ផាលី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ១៩ បើទោះបីនៅកម្ពុជា ពុំទាន់មានករណីឆ្លងក្នុងសហគមន៍ក្តី ដោយសំណូមពរឲ្យប្រជាពលរដ្ឋត្រូវមានអនាម័យស្អាតជាតិ និងត្រូវអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាលដែលបានផ្សព្វផ្សាយនាពេលកន្លងមក។
លោក លេង ផាលី បន្ថែមថា ក្រៅពីជំងឺកូវីដ១៩ បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នផងដែរ ចំពោះជំងឺគ្រុនឈាម និងជំងឺគ្រុមឈីក ដែលកើតចេញពីការមូសខាំ ហើយជំងឺប្រភេទនេះកើតក្នុងអំឡុងរដូវវស្សានេះផងដែរ។ សូមបងរក្សាសុខភាពឲ្យបានល្អ ចៀសវាងមានជំងឺផ្សេងៗ ដែលនាំឲ្យមានផលវិបាកចំពោះគ្រួសារទាំងមូល៕