(ភ្នំពេញ)៖ ដើម្បីអបអរខួបលើកទី១២ឆ្នាំរបស់ខ្លួន ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត រួមទាំងបុគ្គលិកបានធ្វើការបរិច្ចាគសម្ភារផ្សេងៗដើម្បីជួយដល់កុមារដែលកំពុងរស់នៅមជ្ឍមណ្ឌលរក្សាកុមារ ក្រុមជំនុំដំណឹងល្អពោរពេញកម្ពុជា (FGACCCC) នៅក្នុងខេត្តកំពង់ស្ពឺ។
កុមារប្រមាណ ៦០នាក់ ដែលកំពុងរស់ក្នុងមជ្ឈមណ្ឌលនៅស្រុកច្បារមន នឹងទទួលបានអត្ថប្រយោជន៍ពីការគាំទ្ររបស់វីងដល់មជ្ឈមណ្ឌលថែទាំកុមារដែលបានផ្តល់ការអប់រំ អាហារ និងកន្លែងស្នាក់នៅដោយឥតគិតថ្លៃ។
បុគ្គលិកវីងបានធ្វើដំណើរទៅខេត្តកំពង់ស្ពឺ ដើម្បីជួបជាមួយសិស្សានុសិស្ស និងបានផ្តល់នូវអំណោយផ្ទាល់ខ្លួនមួយចំនួនដល់កុមារនៅទីនោះ។ កុមារទាំងនោះទទួលបានកុំព្យូទ័រយួរដៃចំនួន១៧គ្រឿង សំភារៈកីឡា សម្ភារសិក្សា និងមានពិធីដាំកូនឈើរួមគ្នាផងដែរ។
លោក ហ៊ូ ស៊ាន់សាយ សាន់នី នាយកនៃមជ្ឈមណ្ឌលរក្សាកុមារ ក្រុមជំនុំដំណឹងល្អពោរពេញកម្ពុជា បានថ្លែងថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារឯកទេសវីង និងបុគ្គលិកវីង ដែលបានចូលរួមផ្តល់វិភាគទានដ៏ថ្លៃថ្លា និងបានធ្វើដំណើរយ៉ាងឆ្ងាយមកជួបជាមួយកុមារនៅទីនេះ។ ជំនួយឧបត្ថម្ភនេះ ចំពេលដែលកុមារនៅទីនេះ មិនអាចទៅរៀននៅឯសាលាដោយសារការភ័យខ្លាចនៃជំងឺកូវីដ១៩។ តាមរយៈជំនួយទាំងនេះ កុមារនឹងអាចបន្តការសិក្សា បានពីអន្តេវាសិកដ្ឋានរបស់ពួកគេ»។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង បានមានលើកឡើងថា៖ «កុមារគឺជាទំពាំងស្នងឬស្សីនៃកម្ពុជា ដូច្នេះយើងត្រូវតែគាំទ្រពួកគេឱ្យទទួលបានការអប់រំសមរម្យក្នុងវ័យដែលទាមទាការអភិវឌ្ឍខ្លាំង ដើម្បីឱ្យពួកគេក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេស ។ ក្នុងនាមយើងជាបុគ្គលិកវីង យើងបានទទួលផលប្រយោជន៍ពីមូលដ្ឋានគ្រិះដ៏រឹងមាំនៃការអប់រំល្អ ហើយវាដល់ពេលដែលយើងត្រូវចែករំលែកបទពិសោធន៍ទាំងនេះទៅអ្នកជំនាន់ក្រោយហើយ»។
លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារឯកទេសវីង បានឲ្យដឹងថា៖ «ក្រៅពីផ្តល់ជូននូវសម្ភារសិក្សា ខ្ញុំមានសេចក្តីរីករាយដែលក្រុមការងារ វីង បានចំណាយពេលដើម្បីផ្លាស់ប្តូរបទពិសោធន៍ផ្ទាល់ខ្លួនជាមួយក្មេងៗនៅ FGACCCC។ ខ្ញុំសង្ឃឹមថាកាយវិការរបស់ពួកយើងនឹងជំរុញឱ្យពួកគេខិតខំធ្វើការសិក្សារៀនសូត្របន្ថែមទៀតដើម្បីជាប្រយោជន៍ដល់គ្រួសារ និងសហគមន៍របស់ពួកគេ»។
ហុក នីតា សិស្សម្នាក់នៅមណ្ឌល FGACCCC បានលើកឡើងថា នាងបានបន្តការរៀនសូត្រពីចំងាយតាមរយៈកម្មវិធី Zoom ព្រោះមិនអាចទៅសាលារៀនបានដោយសារតែជំងឺកូវីដ ១៩។
នីតាបានមានចំណាប់អារម្មណ៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីងដែលបានផ្តល់សម្ភារៈសិក្សាដល់ពួកយើង»។ វានឹងធ្វើឲ្យកាន់តែងាយស្រួលក្នុងការរៀនសូត្រជាងមុន៕