(ភ្នំពេញ)៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញនូវរបាយការណ៍លម្អិត ពាក់ព័ន្ធការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅខុនដូមួយកន្លែងនៅកោះពេជ្រ កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដែលជនល្មើសបានបាញ់តដៃជាមួយសមត្ថកិច្ចថែមទៀតផង។
លោកឧត្តមសេនីយ៍ទោ អ៉ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា អនុវត្តន៍តាមបទបញ្ជារបស់ នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់របស់នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង១៩៖២០នាទី កម្លាំងជំនាញ (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ និងដោយ មានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង អ៊ុ សុភក្តិ បានបើកស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបនៅ២គោលដៅ៖
១៖ នៅចំណុចផ្លូវ១៤៣ ជិតវង្វង់មូលផ្សារសំពៅមាស សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
២៖ ម៉ោង២១៖ ៤០នាទី កម្លាំងជំនាញបានបន្តស្រាវជ្រាវតាមចាប់មេខ្លោង ដែលលាក់ខ្លួននៅបន្ទប់លេខ០៧២១ របស់ខុនដូរមួយក្បែរមជ្ឈមណ្ឌលកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន។
ក្នុងកិច្ចប្រតិបត្តិការ ជនល្មើសជាមេខ្លោងម្នាក់ ភេទប្រុស ជនជាតិចិន បានចេញពីបន្ទប់ខុនដូ ហើយបាញ់ស្រោចមកលើកម្លាំងជំនាញ ដោយកាំភ្លើងខ្លីប្រមាណ ៥-៦គ្រាប់។ សមត្ថកិច្ចបានតបតការពារខ្លួន បណ្ដាលឲ្យជនល្មើសប្រាស់គេចខ្លួន។
លទ្ធផលនៃការបង្ក្រាបនេះសមត្ថកិច្ចបាន ចាប់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ អ៊ី រីស៊ី (YI RISHI) ភេទប្រុស ជនជាតិចិន និងឈ្មោះ យ៉ាវវ៉ាឡាក់ កេតសល (YAVALAK KETSAL) ភេទស្រី ជនជាតិថៃ។
ចំណែកវត្ថុតាងដែលចាប់យកបានរួមមាន៖ សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន និងខេតាមីនទម្ងន់១៩៥៣ក្រាម, សារធាតុគីមីផ្សំទម្ងន់២០១ក្រាម, អាវុធខ្លី១ដើមធុន CaL9mmPAK គ្រាប់ចំនួន ១៥និងសំបក គ្រាប់ចំនួន៥, ជញ្ជីងថ្លឹងគ្រឿងញៀន៧ និងសម្ភារ កែឆ្នៃវេចខ្ចប់គ្រឿងញៀនមួយចំនួន, រថយន្ត ធុនTUNDRA ១គ្រឿង និងទូរស័ព្ទ៣គ្រឿង។
ជាមួយគ្នានេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀណ ក៏បានសូមថ្លែងអំណរគុណដល់ លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ដឹកនាំផ្ទាល់កម្លាំងអន្តរាគមន៍ចុះដល់គោលដៅប្រតិបត្តិការយ៉ាងទាន់ពេល៕