(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហោះតាមរយៈ Facebook របស់សម្តេចយ៉ាងដូច្នេះថា បើទោះកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្តី ក៏មិនបានបង្អាក់ដល់ដំណើរការអភិវឌ្ឍន៍ និងកិច្ចការវិនិយោគរបស់ក្រុមហ៊ុនឯកជនឡើយ ។
ការលើកឡើងយ៉ាងដូច្នេះរបស់សម្តេច ក៏ព្រោះតែនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ស្អែកនេះ សម្តេចនឹងអញ្ជើញសម្ពោធបើកឲ្យដំណើរការនូវសួនទឹកកំសាន្តដ៏ធំមួយ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលវិនិយោគដោយក្រុមហ៊ុនឯកជន នូវទឹកប្រាក់ជាង៤០លានដុល្លារ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអរគុណដល់ក្រុមហ៊ុនឯកជនទាំងអស់ ដែលបានរួមចំណែកជួយដល់ការអភិវឌ្ឍន៍កម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «ថ្ងៃអាទិត្យទី ១៦ សីហា ស្អែកនេះ ខ្ញុំនឹងចូលរួមសម្ពោធបើកឲ្យដំណើរការ នូវសួនទឹកកំសាន្ត Garden City Water Park របស់ក្រុមហ៊ុនឯកជនមួយនៅ សង្កាត់ ព្រែកតាសេក ខ័ណ្ឌ ជ្រោយចង្វារ នៅជិតវិមានឈ្នះឈ្នះ ក្នុងរាជធានីភ្នំពេញ។
បើទោះបីកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្តី ក៏ប៉ុន្តែមិនបានបង្អាក់ដល់ដំណើរការអភិវឌ្ឍន៍ និងកិច្ចការវិនិយោគរបស់ក្រុមហ៊ុនឯកជនឡើយ។
សូមអរគុណដល់បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខ។
ទោះទៅកំសាន្តនៅទីណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន កុំឲ្យឆ្លងជំងឺកូវីដ-19 ឲ្យសោះ។ អរគុណសន្តិភាព»៕