(ភ្នំពេញ)៖ លោក សូ សុមេធា ជាជំនួយការនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានពាំនាំយកនូវថវិកាចំនួន ៣០០ដុល្លារ ជូនដល់អ្នកគ្រូ ញ៉ែម ទីហែម៉ារិន ដែលជាអ្នកគ្រូធ្លាប់បង្ហាត់បង្រៀននាយឧត្តមសេនីយ៍ ឈន សារ៉ាណេ តាំងពីឆ្នាំ១៩៨២ ហើយខណៈដែលបច្ចុប្បន្នកំពុងត្រូវការថវិកាសម្រាប់ព្យាបាលជំងឺមហារីកពោះវៀន។

នាឱកាសនោះដែរ អ្នកគ្រូ និងក្រុមគ្រួសារបានថ្លែងអំណរគុណ និងមានការសប្បាយរីករាយក្រៃលែង ដែលបានបង្ហាត់បង្រៀនសិស្សឱ្យទទួលបាននូវអនាគតភ្លឺស្វាង ដូចជានាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ដែលចេះដឹងគុណអ្នកគ្រូលោកគ្រូ ដោយមិនបានមើលរំលងឡើយ។

លោក សូ សុមេធា ដែលជាជំនួយការលោកនាយឧត្តមសេនីយ៍ ក៏បានឆ្លើយតបវិញដែរថា គាត់នឹងឧបត្ថម្ភជូនអ្នកគ្រូក្នុងមួយខែ ២៤០ដុល្លារ សម្រាប់ព្យាបាលជំងឺ ដែលពេលនេះអ្នកគ្រូត្រូវការថវិកានេះសម្រាប់ទិញថ្នាំព្យាបាល។

សូមរំលឹកផងដែរថា លោកនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានលះបង់ថវិកាបៀវត្សមន្ត្រីរាជការក្នុង១ខែ ៤លានរៀល ដើម្បីឧបភ្ថម្ភដល់លោកគ្រូអ្នកគ្រូដែលបានជួយបង្ហាត់បង្រៀងគាត់តាំងពីឆ្នាំ១៩៨៥-១៩៩១ ចំនួន៣៥នាក់ ដែលក្នុងម្នាក់ៗទទួលបាន ១២ម៉ឺនរៀលជារាងរាល់ខែ រហូតដល់លោកនាយឧត្តមសេនីយ៍អស់អាជីព។

មិនតែប៉ុណ្ណោះទៀត លោកនាយឧត្តមសេនីយ៍ និងភរិយាក៏បានលះបង់ធនធានជាច្រើន ដើម្បីជួយឧបត្ថម្ភដល់ក្រុមកីឡាបាល់ទាត់តាំងពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន និងទៅខាងមុខទៀតផងដែរ មានដូចជាសម្លៀកបំពាក់កីឡា និងថ្លៃឈ្នួលតារាងជាដើម។

ទង្វើនេះឆ្លុះបញ្ចាំងដល់ការតបស្នងសងគុណចំពោះអ្នកគ្រូលោកគ្រូ ដែលបានជួយបង្ហាត់បង្រៀនចំណេះវិជ្ជាដល់រូបគាត់ ហើយក៏ជាទង្វើមួយដ៏ល្អសម្រាប់សង្គមជាតិ ក៏ដូចជាសិស្សប្អូនៗជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សី៕