(ព្រះសីហនុ)៖ នារសៀលថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មានរៀបចំកិច្ចប្រជុំមួយដើម្បីផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ក្នុងឱកាសឈប់សំម្រាក សងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយះពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីគណៈស្នងការរង នាយ-នាយរងការិយាល័យ និងអធិការក្រុង-ស្រុកទាំង៥ផងដែរ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនឡរបាលខេត្ត បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយឲ្យកងកំលាំងសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ក្នុងឱកាសឈប់សម្រាករយះពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ប្រជាពលរដ្ឋក្នុងឱកាសឈប់សម្រាករយះពេល៩ថ្ងៃខាងមុខនេះ។
ផ្សព្វផ្សាយបន្ថែមឲ្យកងកម្លាំងយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ បង្ការភាពកកស្ទះ និងបង្កើនការរឹតបន្តឹង ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់ន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណះអោយប្រជាពលរដ្ឋធ្វើដំណើរទៅកំសាន្តតាមតំបន់រមនីដ្ឋាននានា ប្រព្រឹត្តទៅដោយសេចក្តីសប្បាយរីករាយ និងសុវត្ថិភាព ។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានជំរុញបង្កើនវិធានការការពារយ៉ាងមុឺនម៉ាត់ ក្នុងស្មារតីទទួលខុសត្រូវគ្រប់បណ្តាគោលដៅ និងធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ ប្រតិភូ ភ្ញៀវជាតិ-អន្តរជាតិ ក្នុងឱកាសឈប់សម្រាករយះពេល៩ថ្ងៃ តាមរមនីដ្ឋាននានា ។
ក្រោយពីបញ្ចប់អង្គពិធីនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានធ្វើពិធីប្រគល់ជូននៅកង់បីឥណ្ឌាថ្មីចំនួន(០៣)ជូនទៅដល់ការិយាល័យនគរបាលទេសចរណ៍ ដែលជាអំណោយដ៏ថ្លៃថ្លារ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទុកសំរាប់ប្រើប្រាស់នៅក្នុងកិច្ចការងារប្រចាំថ្ងៃ ៕