(កណ្ដាល)៖ ផ្កាក្រដាស និងដើមជ្រៃក្រឹមចំនួន៥ពាន់ដើម ត្រូវបានអាជ្ញាធរស្រុកដាំលម្អតាមបណ្ដោយផ្លូវជាតិលេខ៥ នៅមូលដ្ឋានស្រុកពញ្ញាឮមានប្រវែង១០គីឡូម៉ែត្រ ដើម្បីលើកតម្កើនសោភ័ណភាពតាមដងផ្លូវឱ្យមានភាពស្រស់ស្អាត និងលើកតម្កើនសម្រស់ធម្មជាតិឱ្យស្រស់បំព្រង ខណៈលោកអភិបាលស្រុកប្រាប់មន្ត្រីឱ្យថែទាំឱ្យដុះលូតលាស់ល្អ។
លោកអភិបាលស្រុកពញាឮ បានឲ្យដឹងថា ការដាំផ្កាក្រដាស និងដើមជ្រៃក្រឹម នៅលើទ្រូងផ្លូវជាតិលេខ៥នេះ គឺជាការដាំដើម្បីធ្វើការកែលម្អ សោភ័ណ្ឌភាពស្រស់ស្អាតនៅលើទ្រូងផ្លូវជាតិលេខ៥ ដើម្បីបង្កើតនូវបរិស្ថានធម្មជាតិរបស់យើងអោយបានស្អាតនៅតាមដងផ្លូវ ហើយឆ្លៀតក្នុងឱកាសនេះដែរ មន្ត្រីរាជការ យុវជនសសយកស្រុក និងប្រជាពលរដ្ឋ ក៏បានធ្វើការសម្អាតនៅបរិស្ថាននៅតាមដងផ្លូវជាតិលេខ៥នេះ ដែលបងប្អូនប្រជាពលរដ្ឋបានធ្វើការបោះសំរាមចោលពាសវាលពាសកាល ក៏ដូចជាគំរូល្អសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការចូលរួមសម្អាតបរិស្ថាន បញ្ឈប់ការបោះសំរាមចោលពាសវាលពាសកាល និងចូលរួមលើកកម្ពស់សុភ័ណភាព នៅតាមដងផ្លូវនេះផងដែរ។
លោកអភិបាលស្រុក ក៏បានអំពាវនាវដល់ក្រុមប្រឹក្សាឃុំ ភូមិ និងប្រជាពលរដ្ឋត្រូវធ្វើការថែទាំស្រោចទឹក និងដាក់ជីជាប្រចាំ ដើម្បីឱ្យផ្កាក្រដាស និងដើមជ្រៃក្រឹមទាំងអស់នេះ ដុះលូតលាស់បានល្អ ប្រែក្លាយផ្លូវជាតិលេខ៥ ពោរពេញទៅដោយភាពបៃតង និងមានផ្ការីកស្គុះស្គាយ។
សូមបញ្ជាក់ផងដែរថា ផ្កាក្រដាស និងដើមជ្រៃក្រឹម ដែលត្រូវបានដាំទាំងអស់ មានប្រមាណជាង ៥០០០ ដើម៕