(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំក្រុមការងារចម្រុះ ចុះបិទទីតាំងអាជីវកម្មភោជនីយដ្ឋានបើកពេលរាត្រីចំនួន ១០ទីតាំង ជាក្លឹបឌីស្កូ ស្ថិតនៅក្នុងផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មីទី៣ ព្រមទាំងដកហូតឧបករណ៍សម្រាប់ចាក់បំពងសំឡេង និងឃាត់ម្ចាស់ទីតាំងទាំងនោះ យកទៅធ្វើកិច្ចសន្យាអប់រំណែនាំបន្ត នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ព្រោះមិនអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល។
ប្រតិបត្តិការនេះធ្វើឡើង នៅយប់ថ្ងៃថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០១៖០០ ដោយអនុវត្តតាមគោលកាណ៍ដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ដោយមូលហេតុនៃការចុះបិទ ដូចខាងក្រោម៖
១៖ មិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពីការបង្ការ និងទប់ស្កាត់ជម្ងឺកូវីដ១៩ ដោយមិនរក្សាគម្លាតសង្គម ១.៥ម៉ែត្ត ទៅ ២,០០ម៉ែត្រ។
២៖ ចាក់សម្លេងលឺខ្លាំងៗ បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ និង ប៉ះពាល់ដល់ការស្នាក់នៅរបស់ប្រជាពលរដ្ឋ នៅពេលយប់។
៣៖ មិនគោរពតាមកាណែនាំ និងកិច្ចសន្យារបស់អាជ្ញាធរខណ្ឌចំនួន ០៣លើក និង បង្កឲ្យកកស្ទះចរាចរណ៍ ជាប្រចាំនៅបណ្តោយផ្លូវលេខ៥១ (ការឈប់ចតគ្មានសណ្តាប់ធ្នាប់)៕