(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានក្រើនរំឮកដល់មន្ត្រីនគរបាលទូទាំងខេត្ត ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសង្គមឱ្យបានល្អប្រសើរ ជាពិសេសត្រូវអនុវត្តតាមវិធានសុខាភិបាល ផ្សព្វផ្សាយការការពារ វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងកំឡុងថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃ។

ការក្រើនរំឮកបែបនេះ របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានធ្វើឡើងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារសន្តិសុខ និងវិធានការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកឧត្តមសេនីយ៍ទោ ក៏បានបញ្ជាដល់កងកម្លាំងជានគរបាលក្រោមឱវាទទាំងអស់ ត្រូវចេញល្បាតទាំងយប់ ទាំងថ្ងៃ ជាពិសេសត្រូវពង្រាយកម្លាំងនៅតាមទីកន្លែងកម្សាន្តនានាដូចជា៖ វត្តអារាម ទីប្រជុំជនផ្សេងៗទៀត ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ឱ្យបានល្អ ចៀសវាងបញ្ហាណាមួយកើតឡើង។ មួយទៀតនោះ កងកម្លាំងអន្តរាគមន៍ខាងអគ្គិភ័យ បានត្រៀមរួចជាស្រេចក្នុងការត្រៀមសង្រ្គោះបន្ទាន់ករណីមានអគ្គិភ័យណាមួយកើតឡើង។

ស្ថិតនៅក្នុងឱកាសប្រជុំជួបនោះដែរ លោកស្នងការខេត្ត ក៏បានដាស់តឿនក្រើនរំឮកកងកម្លាំងទាំងអស់ ឱ្យថែទាំសុខភាពខ្លួនឱ្យបានល្អ ការពារឱ្យបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ បង្ក្រាបបទល្មើសនានាឱ្យបានដាច់ខាតផងដែរ។

សូមរំឮកថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលគ្រោង នឹងធ្វើឡើង ក្នុងខែមេសា ឆ្នាំ២០២០នេះ ត្រូវបានអាក់ខានដោយសារតែ វិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ដូច្នេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរណែនាំមួយដោយផ្អាកការប្រារព្វពិធីបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែ សម្តេចតេជោ ក៏បានប្រកាសផងដែរថានឹងសង ប្រជាពលរដ្ឋ កម្មករ កម្មការិនី ឱ្យឈប់សម្រាករយៈពេល៥ថ្ងៃ ផងដែរ៕

.