(ភ្នំពេញ)៖ ក្រុមអតីតយុវជនស្ម័គ្រចិត្តចូលបម្រើកងទ័ព ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៨៦ បានចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោក អ៊ុន ភិរម្យ ហៅ ហេង ដុង មន្ដ្រីគយ និងរដ្ឋាករ នៃសាខាគយ និងរដ្ឋាករកំពង់ផែអន្ដរជាតិ ក្រុងព្រះសីហនុ។
ក្រុមអតីតយុវជនស្ម័គ្រចិត្តចូលបម្រើកងទ័ព ចាត់ទុកមរណភាពរបស់ លោក អ៊ុន ភិរម្យ គឺជាការបាត់បង់យុទ្ធមិត្តដ៏ឆ្នើម ក៏ជាការបាត់បង់កូនប្រុស បាត់បងប្រុស បាត់បងប្ដីនិងបាត់បង់លោកប៉ា ជាទីគោរពស្រឡាញ់១រូបដ៏គួរឲ្យគោរព និងសោកស្ដាយ អាឡោះអាល័យជាពន់ពេករកទី បំផុតគ្មាន។
លោក អ៊ុន ភិរម្យ បានមរណកាលទៅកាន់លោកខាងមុខ ក្នុងជន្មាយុ៥៣ឆ្នាំ នាវេលារាត្រីថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ នៅក្នុងរយៈពេល កំពុងបំពេញការងារ នៅទីក្រុងព្រះសីហនុ ដោយជំងឺគាំងបេះដូង។
លោក អ៊ុន ភិរម្យ ហៅ ហេង ដុង កើតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៦៧ ជាកូនកសិករមួយ រូបមានដើមកំណើត នៅភូមិព្រែកពោធិ ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជា កូនច្បងទីបី ក្នុងចំណោមបងប្អូនបួននាក់ ដែលមានឪពុកឈ្មោះ អ៊ុន ហុង និងលោកម្ដាយ ជួង សែ។
ក្រោយពីប្រឡងថ្នាក់មធ្យមសិក្សាទុតិយភូមិ នាឆ្នាំ១៩៨៦ យុវជន អ៊ុន ភិរម្យ ហៅ ហេង ដុង បានស្ម័គ្រចិត្តចូលបម្រើកងទ័ព នៅថ្ងៃទី២៥ ខែកញ្ញា ១៩៨៦ នៅរាជធានី ភ្នំពេញ ព្រមទាំងចូលហាត់ហ្វឹកហ្វឺននៅសាលាហ្វឹកហ្វឺន «ង» ៥០ ដីឥដ្ឋ ។
បន្ទាប់ពីបានហាត់ ហ្វឹកហ្វឺនរយៈពេល៦ខែ យុវជន អ៊ុន ភិរម្យ ហៅ ហេង ដុងត្រូវបានក្រសួងការពារប្រទេស ចាត់បញ្ជូនទៅសមរភូមិមុខ F196។
ក្រោយមកពីឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩២ យុវជន អ៊ុភិរម្យ ហៅ ហេង ដុង ត្រូវបានក្រសួងការពារប្រទេស ចាត់បញ្ជូនឲ្យទៅបន្តការសិក្សា នៅប្រទេសរុស្ស៊ី រយៈពេល៥ឆ្នាំ ផ្នែកមេបញ្ជាការកងរថក្រោះ។
មុនលាចាកលោកនេះ លោក អ៊ុន ភិរម្យ ហៅ ហេង ដុង គឺជាទំនុកបម្រុងគ្រួសារបង្គោលបំផុត ដែលមានកូនប្រុស២នាក់ កូនស្រីម្នាក់នៅក្នុងបន្ទុក៕