(កំពង់ឆ្នាំង)៖ នៅក្នុងបរិវេណវត្ត វារីផាសុខារាម ហៅ វត្តទឹកជុំ និងបរិវេណសាលាបុណ្យ ភូមិជ្រៃកោងកើត ស្ថិតនៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ បាននាំគ្នាដាំកូនឈើក្រញូងចំនួន ១៥០ដើម។
ការដាំក្រញូងទាំង១៥០ដើម ធ្វើឡើងនារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ក្រោមការផ្តួចផ្តើមពី ព្រះមង្គលានុរ័ក្ខ អំ សៃ ព្រះរាជាគណៈថ្នាក់កិតិ្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការនិមន្តចូលរួមពីព្រះគ្រូវិចិត្រសីលញាណ ខុន ឆុន ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តទឹកជុំ, ព្រះគ្រូឆន្ទរតនមុនី សរ បញ្ញាឫទ្ធិ ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទជាច្រើនអង្គ/នាក់ទៀត។
បើតាមការបញ្ជាក់ពី ព្រះគ្រូឆន្ទរតនមុនី សរ បញ្ញាឫទ្ធិ ឱ្យដឹងថា ការដាំកូនឈើក្រញូង នៅក្នុងបរិវេណវត្តទឹកជុំ និងបរិវេណសាលាបុណ្យ ភូមិជ្រៃកោងកើតនេះ គឺជាការចូលរួមថែរក្សា ការពារនូវសម្រស់ធម្មជាតិ កុំឱ្យមាន ការបាត់បង់ និងជាការទាក់ទាញទឹកភ្លៀង ការពារកម្តៅ និងខ្យល់ព្យុះ ជាដើម។
ព្រះអង្គបានបញ្ជាក់បន្ថែមទៀតថា ការដាំកូនឈើនេះគឺជាការបំផុសគំនិតដល់យុវជនឱ្យចេះស្រឡាញ់ និងការពារបរិស្ថាន ដែលមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប ការដាំកូនឈើនេះ ក៏សម្រាប់យុវជនជំនាន់ក្រោយផងដែរ៕