(សៀមរាប)៖ យោងទៅតាមការអនុញ្ញាតឲ្យឈប់សម្រាករយៈពេល៥ថ្ងៃ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សងនៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅព្រឹកថ្ងៃ១៣រោជ ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២០នេះ «សម្រាកសៀមរាប» បានរៀបចំពិធីបួងសួង ដើមី្បនូវសុំសេចក្តីសុខសប្បាយ។

ពិធីនេះបានប្រារព្ធឡើងនៅលើក្តារបែនមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តសៀមរាប ដោយមានវត្តមានចូលរួមពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ទៀ សីហា អភិបាលខេត្ត ព្រមទាំងវត្តមាន ក្រុមការងាររាជរដ្ឋាភិបាល សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព សហភាពសហព័ន្ធកម្ពុជាខេត្ត និង មន្ត្រីរាជការយ៉ាងច្រើនកុះករ។

សូមរំលឹកថា ចំពោះកម្មវិធីសប្បាយ ក្នុងព្រឹត្តិការណ៍សម្រាកសៀមរាប ផ្សេងៗទៀត មានដូចជា៖

*កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២
*កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប
*ផ្សារទឹក
*ផាប់ស្ទ្រីត
*កម្មវិធីជិះកង់
*កម្មវិធីកីឡាវាយកូនហ្គោល
*កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន
*មានកម្មវិធីផ្ទាំងទស្សនីយភាពសិល្បៈចាប់ពីថ្ងៃទី១៧ រហូតដល់ ទី២១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ៕