(កំពង់ស្ពឺ)៖ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងក្រុមគ្រួសារ បានអញ្ជើញចូលរួម ក្នុងពិធីបូជាប្រទីបជ្វាលា ថ្វាយព្រះត្រៃបិដក ឬហៅជាសាមញ្ញថា ការបំពាក់អំពូលអគ្គីសនី នៅខាងក្រោមនៃបុស្បុកទាំង៣ ដើម្បីបំភ្លឺព្រះត្រៃបិដក នៅក្នុង មហាប្រាសាទតម្កល់ព្រះត្រៃបិដក នៃមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ដែលមានទីតាំងក្នុង ឧទ្យានជាតិគិរីរម្យលើទឹកដីខេត្តកំពងស្ពឺ។
ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅតាមទំនៀមទំលាប់ ប្រពៃណីព្រះពុទ្ធសាសនា ដោយមានការ និមន្តព្រះសង្ឃ សូត្រមន្ត សមាទាសីលតាមសិក្ខាបទ ដើម្បីជាកិច្ចរំលឹកនឹកគុណបុណ្យ ព្រះរតនត្រ័យ ដ៏ខ្ពង់ខ្ពស់ តាមប្រពៃណីព្រះពុទ្ធសាសនា ដ៏រុងរឿងនៃយើង ពិសេសរំលឹកដល់ ព្រះសម្មាសម្ពុទ្ធ បរមគ្រូនៃយើង ដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យ ដ៏វិសេស វិសាលបន្សល់ទុកឲ្យពុទ្ធបរិស័ទគ្រប់ជំនាន់ គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន។
ពុទ្ធឱវាទ និងព្រះធម៌វិន័យរបស់ព្រះអង្គ គឺជាប្រទីបបំភ្លឺផ្លូវដល់មនុស្សលោក គ្រប់រូប ឲ្យប្រកាន់ខ្ជាប់នូវអំពើ ល្អអំពើ ជាកុសលលះបង់អំពើបាប អំពើជាអកុសល សាងនូវកុសលទានតម្កល់ ទុកសំរាប់អនាគតជាតិ។
បន្ទាប់មក លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី និងក្រុមគ្រួសារ ព្រមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលដឹកនាំដោយមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានដង្ហែរប្រទីបជ្វាលា ឆ្ពោះទៅកាន់ មហាប្រាសាទតម្កល់ព្រះត្រៃបិដក ដើម្បីធ្វើពិធីថ្វាយតាមប្រពៃណីព្រះពុទ្ធសាសនា និងបំពាក់អំពូល អគ្គីសនីនេះ នៅក្រោមបុស្បុកនៃកំពូលទាំងបី របស់មហាប្រាសាទ ដើម្បីបំភ្លឺព្រះត្រៃបិដក ដែលចារិក លើផ្ទាំងសិលា តម្កល់ទុកនៅក្នុងមហាប្រាសាទដ៏ធំស្កឹមស្កៃ ដែលកំពុងស្ថាបនាបានប្រមាណ៩០% នេះ។
តាមប្រសាសន៍របស់មហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ឲ្យដឹងថា មជ្ឈមណ្ឌលនេះ ត្រូវបានផ្តើមសាងសង់ នៅលើផ្ទៃដី ១២៦ហិកតា ដែលជាដីសម្បទាន ពីរាជរដ្ឋាភិបាល ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិគិរីរម្យ ខេត្តកំពង់ស្ពឺ ដោយគ្រោងនឹងចំណាយថវិកាខ្ទង់រាប់សិបលានដុល្លារ ដែលអាចចាត់ទុកថា គឺជាមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ដ៏ធំជាងគេបំផុតពុំធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយនឹងក្លាយជាសម្បត្តិវប្បធម៌ របស់ជាតិដ៏ធំមួយនៅកម្ពុជា។
ការកសាងសំណង់ផ្សេងៗនេះ ដើម្បីលើកតម្កើង ព្រះពុទ្ធសាសនា ពិសេស ដើម្បីជាបុណ្យកុសល មនុស្សទូទៅ និងទុកជាទ្រព្យសម្បត្តិរបស់ប្រទេសជាតិយើង។
តាមគម្រោង មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានិងត្រូវស្ថាបនាមហាប្រាសាទចំនួន៤ និងព្រះចុឡាមុនីចេតិយ៍មួយនៅចំកណ្ដាលមហាប្រាសាទទាំង៤ ដោយឡែកមហាប្រាសាទទី១ ដែលកំពុងធ្វើពិធីនេះ ចាប់ផ្ដើមសាងសង់កាលពីឆ្នាំ ២០១៥ គិតមកដល់ពេលនេះសម្រេចបាន៩០% ដែលគ្រោងចំណោយថវិកា ប្រមាណ៣លាន៥សែនដុល្លារ។
មហាឧបាសិកាធម្មបណ្ឌិត បានឲ្យដឹងទៀតថា បច្ចុប្បន្នមជ្ឈមណ្ឌលបាននិងកំពុងបន្តសា្ថបនាព្រះចុឡាមុនីចេតិយ៍ ដើម្បីតម្កល់ព្រះពុទ្ធរូបចំនួន៨៤,០០០ព្រះអង្គ ដែលសំណង់នេះមាន ទំហំ៣០០ម៉ែត្រក្រឡា មានថែវ៩ជាន់ កំពូលចំនួន២៩ តាមរចនាបទប្រាសាទអង្គរ។
មហាឧបាសិកាឲ្យដឹងដែរ គិតមកដល់ពេលនេះ បើសរុបលើការស្ថាបនា ទាំងមហាប្រាសាទទី១ និងសំណង់ សមិទ្ធិផលនានា ក្នុងមជ្ឈមណ្ឌល់ វប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ត្រូវបានចំណាយថវិកាអស់ជាង ៥លានដុល្លារហើយ។
ជាមួយនេះ មហាឧបាសិកា ក៏បានថ្លៃអំណរព្រះរាជគុណជាអនេកកប្បកា ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេបានប្រោសព្រះរាជទាន ព្រះរាជទ្រព្យរួមចំណែកក្នុងដំណើរការនៃការស្ថាបនាមជ្ឈមណ្ឌលនេះឡើង។
ជាងនេះទៀត មហាឧបាសិកា សូមថ្លែងអំណរគុណ ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងមាតារបស់សម្តេច គឺអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានបរិច្ចាគថវិកា ចូលរួមចំណែក ក្នុងការស្ថាបនា សំណង់ព្រះពុទ្ធសានាដ៏ស្កឹមស្កៃនេះឡើង ទុកជាសម្បត្តិគរុភណ្ឌរបស់ជាតិ ជាយូរអង្វែងតរៀងទៅ។
ជាមួយនេះ មហាឧបាសិកា ក៏បានថ្លែងអំណរគុណចំពោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី និងក្រុមគ្រួសារ ព្រមទាំងញាតិព្រះធម៌ ដែលបានរួមគ្នា ជាវ ជាអំពូលអគ្គីសនី សម្រាប់បំពាក់ ក្នុងមហាប្រាសាទតម្កល់ព្រះត្រៃបិដក ក្នុងពេលនេះ និងសូមទទួលបានកុសលផលបុណ្យគ្រប់ៗគ្នា៕