(ព្រៃវែង)៖ រមណីយដ្ឋានមួយចំនួននៅក្នុងខេត្តព្រៃវែង បាននឹងកំពុងទទួលភ្ញៀវទេសចរមកលេងកម្សាន្តទាំងនៅក្នុងស្រុក និងក្រៅស្រុក។ ដោយឡែកនៅក្នុងស្រុកបាភ្នំ មានអ្នករមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយកន្លែងមានឈ្មោះថា «ទួលពាន់តាឡី» ជាតំបន់អភិរក្សសត្វស្លាប បាននឹងកំពុងទទួលភ្ញៀវទេសចរមកលេងច្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលនៅក្នុងឱកាសឈប់សម្រាកដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំ ដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី។
បើតាមលោក ហាក់ វង្ស មេឃុំធាយ ស្រុកបាភ្នំខេត្តព្រៃវែង ក៏បានលើកឡើងថា នៅក្នុងរយៈពេលកន្លងមកភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅ «ទួលពាន់តាឡី» នេះមិនសំបូរច្រើនប៉ុន្មានទេ ដោយឡែកក្នុងថ្ងៃឈប់សម្រាកនេះ មានភ្ញៀវមកច្រើន។
នៅក្នុងនោះដែរ លោកបានបន្តថា ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តនៅទី «ទួលពាន់តាឡី» ជាតំបន់អភិរក្សសត្វស្លាបនេះ ក៏មាននូវការរក្សានូវសន្តិសុខសណ្ដាប់ធ្នាប់ជូនគាត់ ជាពិសេសទៅទៀតនោះ នៅតាមតូបលក់អីវ៉ាន់សម្រាប់ទទួលភ្ញៀវគាត់មកលេងកម្សាន្ត ដើម្បីបរិភោគនៅទីនោះ និងបានអប់រំណែនាំផ្សព្វផ្សាយអំពីការការពារ ទប់ស្កាត់ ការបង្ការជំងឺកូវី-១៩ ផងដែរ។
លោកមេឃុំរូបនេះ បានបន្ថែមទៀតថា «នៅតាមប៉ម នីមួយៗសម្រាប់ឡើងទស្សនាសត្វនោះ ក៏មិនមានឱ្យគាត់ឡើងច្រើនផងដែរ ដោយមានចំនួនកំណត់ក្នុងឡើងទៅទស្សនា ដើម្បីបង្ការកុំឱ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩»។
លោក ទឹម ទេពវង្សា ដែលជាប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែង បានលើកឡើងថា រមណីយដ្ឋានមួយចំនួនមានដូចជា៖ នគរភ្នំ ប្រសាទព្រៃដើមស្រុក, ព្រៃចារទួលបារាយណ៍អណ្តែត និងកន្លែងសំខានៗមួយចំនួនទៀតបានទទួលភ្ញៀវមកលេងកម្សាន្តច្រើនជាពិសេសនៅក្នុងថ្ងៃឈប់សម្រាកនេះ ក្នុងមួយថ្ងៃមានភ្ញៀវមកទស្សនាចាប់ពី៥០០ ទៅ១,០០០នាក់។
ក្នុងនោះដែរ លោកប្រធានមន្ទីរទេសចរណ៍ខេត្តរូបនេះ ក៏បានចុះអប់រំផ្សព្វផ្សាយណែនាំអំពីការការពារនូវជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋដែលគាត់ក៏ប្រកបមុខរបរអាជីវកម្មលក់ដូរអាហារនៅទីនេះ ដោយត្រូវមានអនាម័យស្អាត សម្រាប់ភ្ញៀវដើម្បីការពារនូវជំងឺកូវីដ-១៩ទាំងអស់គ្នាផងដែរ៕