(ក្រចេះ)៖ នៅថ្ងៃទី២០ និង២១ ខែសីហា ឆ្នាំ២០២០ ឆ្លៀតឱកាសក្នុងដំណើរឈប់សម្រាកទៅកាន់ខេត្តក្រចេះ មណ្ឌលគិរី និងរតនគិរី លោក ព្រុំ សុខា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តក្រចេះ បានចុះទៅជួបមន្ត្រីមូលដ្ឋានឃុំទាំងអស់ក្នុងស្រុកស្នួល និងស្រុកឆ្លូង។

នៅស្រុកស្នួល លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានជួបសំណេះសំណាលជាមួយប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក និងមន្ត្រីគណបក្សឃុំ មេឃុំ ជំទប់ឃុំ និងមន្ត្រីមកពីឃុំទាំង៦ក្នុងស្រុក នៅទីតាំង៣កន្លែងខុសគ្នា។ ទីតាំងទី១ នៅឃុំស្រែចារ មានមន្ត្រីមកពីឃុំស្នួល ឃុំស្វាយជ្រះ និងឃុំឃ្សឹម ចូលរួម។ ទីតាំងទី២ នៅឃុំ២ធ្នូ និងទីតាំងទី៣ នៅឃុំក្រញូងសែនជ័យ។

ចំណែកនៅស្រុកឆ្លូង ការជួបសំណេះសំណាលនេះបានប្រព្រឹត្តទៅនៅទីតាំង២កន្លែង។ ទីតាំងទី១ នៅមន្ទីរបក្សស្រុកឆ្លូង ដែលមានប្រធាន និងសមាជិកគណបក្សស្រុក អភិបាល អភិបាលរងស្រុក និងមានមេឃុំ ជំទប់ឃុំ មន្ត្រីចូលរួមមកពីឃុំព្រែកសាម៉ាន់ ឃុំកញ្ជរ ឃុំដំរីផុង និងឃុំកំពង់ដំរី។ ទីតាំងទី២ នៅឃុំខ្សាច់អណ្តែត មានមន្ត្រីចូលរួមមកពីឃុំហាន់ជ័យ និងឃុំពង្រ។

ទន្ទឹមនឹងការស្វែងយល់ដើម្បីក្តាប់បានជាក់ស្តែងពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និងព័ត៌មាននយោបាយទូទៅតាមមូលដ្ឋាននីមួយៗ លោក ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ ក៏បានធ្វើការសំណេះសំណាលជួបប្រាស្រ័យផ្សារភ្ជាប់ជាមួយមន្ត្រីមូលដ្ឋាន ដើម្បីរួមគ្នាបន្តជម្រុញការងារពង្រឹងប្រៀបនិងកំលាំងនយោបាយនៅមូលដ្ឋានទៅតាមគោលនយោបាយ គោលការណ៍សំខាន់ៗរបស់គណបក្ស និងរដ្ឋាភិបាលឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ៕