(ព្រៃវែង)៖ ស្ត្រីម្នាក់ដេកស្លាប់ក្នុងប្រឡាយទឹក ដោយមានស្នាមរបួសជាច្រើនកន្លែង ត្រូវបានគេប្រទះឃើញនៅភូមិស្វាយតានី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង តាមការសន្និដ្ឋានជំហ៊ានដំបូងរបស់សមត្ថកិចក្ច ការស្លាប់នេះអាចជាករណីឃាតកម្ម។

បើតាមនគរបាលស្រុកបាភ្នំបានដឹងថា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ មានប្រជាពលរដ្ឋបានរាយការណ៍ថា ឃើញមានសាកសពជាមនុស្សស្រីម្នាក់អណ្ដែតទឹក នៅចំណុចកើតហេតុខាងលើ។ សពជនរងគ្រោះមានឈ្មោះ ឌឹម ផង់ ភេទស្រី អាយុ២៦ឆ្នាំ ជាមនុស្សមិនពេញលក្ខណៈ រស់នៅភូមិតាពេជ្រត្បូង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។

សមត្ថកិច្ចមូលដ្ឋានបានបន្តថា តាមបណ្ដឹងរបស់ឈ្មោះ អឺម ប៉ាង ភេទស្រី អាយុ៦៥ឆ្នាំ ត្រូវជាម្ដាយជនរងគ្រោះបានប្ដឹងរាយការណ៍ថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៩៖៣០នាទីយប់ ឈ្មោះ អឺម រ័ត្ន ហៅ ឆ្អឹង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ និងបក្ខពួកពីរនាក់ទៀត បានឌុបជនរងគ្រោះនឹងម៉ូតូ១គ្រឿង ឆ្ពោះទៅទិសខាងកើតបាត់ទៅ។ គាត់តាមរកជនរងគ្រោះ តែរកមិនឃើញលុះដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ទើបប្រទះឃើញសាកសពតែម្ដង។

សមត្ថកិច្ចបានបន្ថែមថា យោងតាមការពិនិត្យសាកសព ឃើញមានស្នាមរបួសចំនួន៣កន្លែង ក្រោមភ្នែកខាងស្ដាំ ចំកញ្ចប់មាត់ ចំច្រមុះ ហើយតាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ និងកំណត់បានមុខសញ្ញាសង្ស័យម្នាក់ហើយ៕