(បាត់ដំបង)៖ ដោយឈរលើគោលការណ៍ កែទម្រង់ស៊ីជម្រៅ ក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានយកចិត្តទុកដាក់ជាខ្លាំង ក្នុងការអភិវឌ្ឍធនធានមនុស្សទាំងនៅថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិ។

ជាពិសេស ដើម្បីផ្តល់លទ្ធភាព ឲ្យថ្នាក់ក្រោមជាតិអាចអនុវត្តការងារ បានកាន់តែមានប្រសិទ្ធភាព ក្រោមការផ្តួចផ្តើមរបស់ លោករដ្ឋមន្ត្រីក្រសួង បានបង្កើតឲ្យមាន ការរៀបចំជាសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារ នៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាវគ្គបណ្តុះបណ្តាលមានបំណង៖

១៖ បង្កើនភាពស្និតស្នាល រវាងមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
២៖ ឲ្យមន្ត្រីថ្នាក់ក្រោមជាតិអាចចាប់យកព័ត៌មាន ចំណេះដឹង ការយល់ដឹងថ្មីៗ បានត្រឹមត្រូវបន្ថែមជាប្រចាំថ្ងៃ ឲ្យទាន់បច្ចុប្បន្នភាពវិវត្តជឿនលឿន នៃបច្ចេកវិទ្យាសម័យថ្មី
៣៖ ឲ្យថ្នាក់ក្រោមជាតិអនុវត្តតួនាទី និងភារកិច្ចដែលក្រសួងបានប្រគល់ជូន មានភាពច្បាស់លាស់ និង
៤៖ ផ្តល់គន្លឹះ និងបទពិសោធន៍ ដើម្បីដោះស្រាយប្រកបដោយការច្នៃប្រឌិត និងមានប្រសិទ្ធភាពចំពោះរាល់បញ្ហាប្រឈមនានា មានចំពោះមុខ ដែលមន្ទីរ ប.ទ.កំពុងជួបប្រទះសព្វថ្ងៃ។

សិក្ខាសាលានេះ ត្រូវបានរៀបចំសម្រាប់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ២៤ខេត្ត ទូទាំងប្រទេស ដោយចែកជា៤តំបន់ ហើយតំបន់នីមួយៗ មានការអញ្ជើញប្រមូលផ្តុំពីថ្នាក់ប្រធានមន្ទីរ រហូតដល់ការិយាល័យ មកពី០៦មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត។

ដំណើរការ នៃវគ្គបណ្តុះបណ្តាល ត្រូវបានធ្វើឡើង ដោយមានការចូលរួមសហការ របស់គ្រូដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលមានជំនាញ និងបទពិសោធន៍ការងារទាក់ទង នឹងប្រធានបទនីមួយៗ។

វិធីសាស្ត្របណ្តុះ បណ្តាលរួមមាន៖ ការធ្វើបទបង្ហាញ សំនួរ/ចម្លើយ ការពិភាក្សា ការធ្វើលំហាត់ជាក្រុម ការចែករំលែកបទពិសោធន៍ ការត្រួតពិនិត្យការយល់ដឹង ពីមេរៀនរបស់សិក្ខាកាម ក៏ដូចជាការទទួលយកយោបល់ត្រឡប់វិញ ពីសិក្ខាកាមជាប្រចាំថ្ងៃផងដែរ។

ថ្នាក់ដឹកនាំក្រសួងជារដ្ឋលេខាធិការចំនួន៤រូប ជាអ្នកអនុម័ត លើខ្លឹមសារមេរៀន។ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាប្រចាំតំបន់ ជាអ្នកដឹកនាំដំណើរការ នឹងធ្វើការត្រួតពិនិត្យគុណភាព នៃសិក្ខាសាលា និងវាយតម្លៃការចូលរួម របស់សិក្ខាកាមជាប្រចាំថ្ងៃ។

ក្រុមសម្របសម្រួល ជាអ្នករៀបចំគម្រោងចំណាយ ជ្រើសរើស រើសទីកន្លែងដំណើរការសិក្ខាសាលា ចាត់អញ្ជើញសិក្ខាកាមមកចូលរួម និងបូកសរុបរបាយការណ៍ ប្រចាំថ្ងៃជូនប្រធានប្រចាំតំបន់។

ជាក់ស្តែងសិក្ខាសាលា ត្រូវបានចាប់ផ្តើមប្រារព្ធមុនគេនៅតំបន់២ នាព្រឹកថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ មានរយៈពេល៥ថ្ងៃ នៅក្រុងបាត់ដំបង ក្រោមអធិបតីភាព លោក ខាយ ឃុនហេង រដ្ឋលេខាធិការតំណាងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងពិធីបើក-បិទ។

ព្រមទាំងដឹកនាំ ជាមួយក្រុមការងារ ដើម្បីលើកទឹកចិត្ត ដល់ដំណើរការសិក្ខាសាលា ដែលបានធ្វើការបណ្តុះបណ្តាល លើប្រធានបទចំនួន២២ សម្រាប់ផ្តល់ជាមូលដ្ឋាន ដោះស្រាយនូវរាល់បញ្ហាប្រឈមជាក់ស្តែងនានា ដល់សិក្ខាកាមចំនួន៥៣នាក់ (ស្រី២៤នាក់) មកពីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តចំនួន៦ ក្នុងតំបន់២ និង៣នាក់ មកពីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តចំនួន៣ (ក្រៅតំបន់២)។

តាមរយៈការបំពេញទម្រង់សំនួរ វាយតម្លៃក្នុងដំណើរការនៃអង្គសិក្ខាសាលានៅតំបន់២នេះ សិក្ខាកាមស្ទើរទាំងអស់ បានបង្ហាញនូវការពេញចិត្ត ចំពោះដំណើរការ រៀបចំសិក្ខាសាលាទាំងមូល និងបានសំណូមពរឲ្យបន្តរៀបចំសិក្ខាសាលាបែបនេះ បានញឹកញាប់ ដើម្បីផ្តល់ឱកាស ឲ្យមន្ត្រីរាជការបានចូលរួមរៀនគ្រប់ៗគ្នា ទទួលបាននូវការយល់ដឹងបន្ថែម ជួយជំរុញការអនុវត្តការងារមានប្រសិទ្ធភាព។

ជារួមលទ្ធផលដែលទទួលបាន ក្នុងអង្គសិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ ថ្នាក់ដឹកនាំក្រសួង បានជ្រាបនិងបង្កើតបានជាថ្មីបន្ថែមទៀត នូវចក្ខុវិស័យ ក្នុងការបណ្តុះបណ្តាលមន្ត្រី ឲ្យកាន់តែមានគុណភាពខ្ពស់ មានវិជ្ជាជីវៈច្បាស់លាស់ និងមានមូលដ្ឋានគន្លឹះ សម្រាប់ជួយដោះស្រាយបញ្ហាប្រឈម ក្នុងការអនុវត្តការងារនៅថ្នាក់ក្រោមជាតិ។

ដើម្បីជាការលើទឹកចិត្តចំពោះវត្តមានដ៏ទៀងទាត់ បានខិតខំព្យាយាមសិក្សារៀនសូត្ររបស់សិក្ខាកាម ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុការងារមកពីមន្ទីរ ប.ទ ខេត្ត នៅទីតាំងតំបន់២ ក្រុងបាត់ដំបងនេះ គណៈអធិតីក៏បានចែក ផ្តល់ជូននូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ដល់សិក្ខាកាមទាំង៥៣រូប ទុកជាអនុស្សាវរីយ៍ នៅថ្ងៃបិទនៃអង្គសិក្ខាសាលា។

សូមជម្រាបជូនថា បន្ទាប់ពីការប្រារព្ធធ្វើនៅតំបន់២រួចហើយ សិក្ខាសាលានឹងបន្តប្រព្រឹត្តទៅតាមផែនការ នៅតំបន់១ តំបន់៣ និងបញ្ចប់នៅតំបន់៤៕