(បន្ទាយមានជ័យ)៖ អាងទឹកយក្សដែលបន្សល់នៅក្នុងវត្តតាំងពីជំនាន់ប៉ុលពតមកម្ល៉េះ ត្រូវបានសប្បុរសជន ឧបាសក ហេងងិក ឧបាសិកា ប៉ែន គឹមឆន, ឧបាសក ផាំង ប៉ូ, ឧបាសិកា ឡាយ សាឡម, ឧបាសក ស៊ីម សេងហួត, ឧបាសិកា លិន ជី, អ្នកស្រី អ៉ី គឹមឡាយ, លោក តាំង សុខឃី, អ្នកស្រី ទ្រី ចិន្តា Mr. Hay siv Tan and Mrs Garen ChaoTan លោក សាម យួប, អ្នកស្រី អៀង គឹមជី, លោក យ៉ែម កេន បានពួតដៃគ្នាជួសជុលអាងទឹកនេះឡើងវិញ។
ក្រោយពីជួសជុលរួច មានញាតិមិត្តជិតឆ្ងាយ បានមូលមតិគ្នា ជាឯកច្ឆ័ន្ទបានប្រារព្វធ្វើពិធីសម្ពោធឆ្លងអាងទឹក និងស្ពានលើអាងទឹក និងទេវរូប៤អង្គ ដែលបានជួសជុលបិតការូថ្មី និងសង់ស្ពានលើ មាត់អាងទឹកនៅក្នុងព័ទ្ធសីមាវត្ត សុវណ្ណគិរីភ្នំជញ្ជាំងរួចរាល់ជាស្ថាពរ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃ ទី២៣ ខែសីហា ឆ្នាំ២០២០ ក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម ព្រះអង្គ អ៊ុច សារឹទ្ធ ព្រះគ្រូអនុគណស្រុកព្រះនេត្រព្រះ, ព្រះគ្រូវវុឌ្ឍីវិរិយាចារ្យ សួន សំអាត ហៅលោកតា បុកល្ហុង ចៅអធិការវត្ត សុវណ្ណគិរីភ្នំជញ្ជាំង, លោក ប៊ួន លាងផេង អភិបាលរងស្រុកព្រះនេត្រព្រះ និងពុទ្ធបរិស័ទច្រើននាក់ទៀត។
លោក តាំង សុខឃី បានថ្លែងប្រាប់ឲ្យដឹងថា ទេវរូបបួនអង្គនេះ រូបលោក និងគ្រួសារបានជាវ ហើយរៀបចំដំកល់ដាក់ចំកណ្តាលអាងទឹក វត្តសុវណ្ណគីរីភ្នំជញ្ចាំង ស្ថិនៅឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយចំណាយថវិកាអស់ ៦,៤០០ ដុល្លា (ប្រាំមួយពាន់បួនរយដុល្លាអាមេរិក) ចំពោះការកសាងស្ពានដែកក្នុងអាងទឹកទាំងបួនទិសឆ្ពោះទៅចំទេវរូប និងការរៀបចំបិទការូអាងទឹកគឺជា ថវិកាចូលរួមរបស់សប្បុរសជន ។
ក្នុងពិធីនោះគណៈកម្មការវត្តបានថ្លែងឲ្យដឹងថា អាងទឹកយក្សនេះមានរាងមូលបណ្តោយ បូកនិងទទឹង៣០ម៉ែត្រស្មើរ មាន ជំរៅ ២ម៉ែត្រ ចំណាយអស់ទឹកប្រាក់១៦.៤០០ដុល្លារ និង២៦០,០០០បាត ស្ពានសាងសង់អំពីដែក ពីលើអាងទឹកសំរាប់ក្មេងដើរលេងសប្បាយ។
ព្រះអង្គ ហ៊ុន ហេង បានមានសង្ឃដិកាថា អាងទឹកយក្សនេះ មានតាំងពីជំនាន់ប៉ុលពតម្ល៉េះ មិនដឹងថាពួក ប៉ុល ពត ធ្វើទុកដើម្បីអ្វីនៅក្នុងវត្តនោះទេ ក៏មានគោលបំណងផ្តួចផ្តើមជួសជុលអាងទឹកយក្សនេះឡើងវិញ ដោយមានការបិទការបិទការ៉ូ និងធ្វើស្ពានដែកពីលើព្រមទាំងតម្កល់ទេវរូប៤ព្រះអង្គ ទុកជាកេរដំណែល និងសម្រាប់ដាក់ស្តុបទឹកប្រើប្រាស់នៅក្នុងវត្ត មានសម្រស់ស្រស់ត្រកាលលេចធ្លោស្អាត ថែមមួយកម្រិតទៀត។
ព្រះអង្គ ហ៊ុន ហេង បានមានសង្ឃដិកាបន្តថា វត្តវណ្ណគិរីភ្នំជញ្ជាំងនេះ ក៏ដូចជាវត្តនៅទូទាំងប្រទេសដែរ ក្នុងកំឡុងឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ក្នុងជំនាន់ ប៉ុល ពត វត្តទាំងអស់ត្រូវពួកខ្មែរក្រហមបានចាប់ផ្សឹក ព្រះសង្ឃហើយព្រះវិហារ និងសាលាឆាន់ត្រូវបានពួកខ្មែរក្រហម ធ្វើជាឃ្លាំងដាក់ជី។ លុះក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ធ្វើឲ្យវត្តទូទាំងប្រទេសរស់ឡើងវិញ ក្នុងនោះមានព្រះសង្ឃ វិហារ និងសាលាឆាន់ក៏បានរៀបចំឲ្យដំណើរឡើងវិញ តាមធម្មតា។
គណៈកម្មការអាចារ្យវត្តបានឲ្យដឹងបន្តថា ដោយសារតែមានការយកចិត្តទុកដាក់ ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ធម្មការខេត្តបន្ទាយមានជ័យ គណៈកម្មាធិការអាចារ្យវត្តសប្បុរសជន ក្រៅស្រុកក្នុងស្រុកប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ជិតឆ្ងាយបានពួកដៃគ្នាបានខិតខំកសាងសមិទ្ធផលផ្សេងៗ ក្នុងវត្តសុវណ្ណគិរីភ្នំជញ្ជាំងផុសយ៉ាងព្រោងព្រាត មានតាំងអាងទឹកយក្សនេះ១ផងដែរ។ រាល់សមិទ្ធផលណាមានស្រាប់ នៅក្នុងវត្តលោកសង្ឃក្នុងវត្តបានថែរក្សាយ៉ាងល្អ ហើយសព្វថ្ងៃនេះព្រះសង្ឃក្នុងវត្ត មិនឲ្យកើតមានឡើងនូវអធិករក្នុងវត្តជាដាច់ខាត ហើយមិនបែកបាក់សាមគ្គីគ្នាឡើយ ហើយក្នុងនោះក៏មិនប្រកាន់បក្សពួកនេះ បក្សពួក នោះដែរ ដើម្បីប្រែក្លាយទីវត្តអារាមជាកន្លែងថ្នាលបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយ ឲ្យក្លាយទៅជាធនធានមនុស្សដែលជាតិត្រូវការចាំបាច់។
នៅទីបញ្ចប់អ្នកដែលមានស្នាដៃ ក្នុងការកសាងអាងទឹក្ក្សនេះបានទទួលប័ណ្ណសរសើរ ពីព្រះចៅអធិការវត្តហើយបានកាត់ខ្សែបូរ សម្ពោធឆ្លងអាងទឹកយក្ស និងស្ពានលើអាងទឹកក្នុងវត្ត និងទេវរូប៤ព្រះអង្គជាផ្លូវការ និងបានរៀបចំពិធីរាប់បាតចំនួនព្រះ សង្ឃ៧០អង្គផងដែរ ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធញាតិទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរិលោកផងដែរ៕