(ភ្នំពេញ)៖ រកឃើញយានដ្ឋានកែច្នៃ និងជួសជុលរថយន្ដខុសច្បាប់ ជាង៤០ទីតាំងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងចំណោមយានដ្ឋានបើកដំណើរការ ប្រមាណ១១០ទីតាំង។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ លោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធចុះបិទអាជីវកម្ម យានដ្ឋានដែលខុសច្បាប់ទាំងអស់នោះ។
លោកស្រី បុប្ផា ផានី បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងតាមអនុសាស ន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវចុះពិនិត្យភាពស្របច្បាប់ និងបិទចោលនូវយានដ្ឋានទាំងឡាយណា ដែលគ្មានច្បាប់អនុញ្ញាត។
លោកស្រីបានបញ្ជាក់ទៀតថា មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការចុះបិទអាជីវកម្មទីតាំងយានដ្ឋានកែច្នៃ ដែលនៅសេសសល់ មិនទាន់មានច្បាប់អនុញ្ញាតឲ្យអស់ទាំងស្រុង ក្នុងនោះយានដ្ឋានស្ថិតក្នុងខណ្ឌសែនសុខ មានយានដ្ឋានសរុបចំនួន១១០ទីតាំង និងត្រូវធ្វើការបិទចំនួនជាង៤០ ដែលជាទីតាំងគ្មានច្បាប់អនុញ្ញាត។
គួរជម្រាបថា យានដ្ឋានជួសជុលរថយន្តក្នុងរាជធានីភ្នំពេញ សរុបមានចំនួន៩៧១ទីតាំង ក្នុងនោះគ្មានច្បាប់អនុញ្ញាត ចំនួន៣៩០ទីតាំង ដែលមន្ទីរជំនាញ នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះបិទអាជីវកម្មជាបន្ដបន្ទាប់។
សូមរំលឹកថា កាលពីពេលកន្លងទៅ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាឲ្យក្រសួងពាក់ព័ន្ធ ត្រូវធ្វើការរួមគ្នាដើម្បីពិនិត្យ និងចាត់វិធានការចំពោះយានដ្ឋានកែច្នៃរថយន្ដដែលគ្មានច្បាប់អនុញ្ញាត ព្រោះការដំណើរការឲ្យគ្មានច្បាប់ ហើយកែច្នៃមិនត្រឹមត្រូវបានលក្ខណៈបច្ចេកទេស ក៏ជាដើមចមដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕