(ភ្នំពេញ)៖ ដើម្បីរួមគ្នាការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19) ក្រុមហ៊ុន រ៉ូតថារីក្លឹម បានផ្ដល់អំណោយជា អាល់កុល៣០ធុង ចំណុះសរុប ៩០០លីត្រ និងម៉ាសចំនួន ២០០ប្រអប់ សរុប១ម៉ឺនម៉ាស ប្រគល់ជូនសាលាខណ្ឌទួលគោក នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ។

ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅសាលាខណ្ឌទួលគោក ក្រោមអធិបតីភាព ប្រធានសាលាខណ្ឌទួលគោក លោក ឯក ឃុនដឿន, លោក គង់ និមល ប្រធានក្លឹប រ៉ូតថារី ភ្នំពេញ សេនត្រល់ និងប្រធានក្លឹបផ្សេងទៀត។

ក្នុងឱកាសនោះ លោក ឯក ឃុនដឿន បានថ្លែងអំណរគុណដល់ក្រុមហ៊ុន រ៉ូតថារីក្លឹប ដែលបានចូលរួមសកម្មក្នុងការចូលរួមការពារ ទប់ស្កាត់ ប្រយុទ្ធនឹងជំងឺកូវីដនៅកម្ពុជាកន្លងមក តាមរយៈសកម្មភាពសប្បុរសធម៌ផ្សេងៗចុះចែកម៉ាស អាកុល ជែល និងសម្ភារជាច្រើនទៀត ជូនដល់មន្ទីរពេទ្យនានា រួមទាំងប្រជាជនផងដែរ។

ជាងនេះទៅទៀត អំណោយជាអាល់កុល និងម៉ាសនេះ ដែលនាំយកមកជូនដល់សាលាខណ្ឌទួលគោក ពិតជាមានសារៈសំខាន់ណាស់ ដែលស្របទៅស្ថានភាពបច្ចុប្បន្ន ដែលនៅលើពិភពលោក ក៏ដូចជានៅកម្ពុជាចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។

ជាការឆ្លើយតប លោក គង់ និមល បានថ្លែងថា «តំណាងឱ្យ រ៉ូតថារី ក្លឹប អន្តរជាតិ តំបន់៣៣៥០, រ៉ូតថារី ក្លឹប ភ្នំពេញ កាពីតូល, រ៉ូតថារី ក្លឹប ភ្នំពេញ សេនត្រល, រ៉ូតថារី ក្លឹប ភ្នំពេញ មេត្រូ បាននាំយកមកជូននូវម៉ាស និងអាល់កុលនេះ ដោយសង្ឃឹមថា អំណោយទាំងនេះ នឹងត្រូវបានចូលរួមចំណែកក្នុងការប្រើប្រាស់ទប់ស្កាត់នូវជំងឺ COVID-19 ដែលកំពុងតែរាតត្បាតនៅក្នុងសង្គមសព្វថ្ងៃនេះ បានមួយចំនួនតូចផងដែរ»

លោកថ្លែងបន្ដថា ក្នុងនោះជំនួយរបស់ រ៉ូតថារីក្លឹប អន្តរជាតិ តំបន់៣៣៥០ ទឹកប្រាក់ចំនួន ១,៦៨០ដុល្លារ និង៩៨០ដុល្លារ ជាអំណោយរបស់ក្រុមហ៊ុន ផេន វែល របស់ P Jeff សរុបជាទឹកប្រាក់ចំនួន ២,៦៦០ដុល្លារ។

សូមបញ្ចាក់ថា រ៉ូតថារី ជាក្លឹបសប្បុរសធម៌អន្តរជាតិមួយ ដែលធ្វើកិច្ចការងារសង្គមដោយមិនប្រកាន់ និន្នាការនយោបាយ ពណ៌សប្បុរ និងជាតិសាសន៍ឡើយ ។បច្ចុប្បន្ន រ៉ូតថារី ក្លឹបនៅកម្ពុជា មានចំនួន៩ក្លឹប និងមានពាសពេញពិភពលោក ។

ដោយឡែកក្លឹប ភ្នំពេញសេនត្រល គឺក្លឹបមួយដែលនិយាយភាសាខ្មែរដំបូងគេបង្អស់ដែលទទួលស្គាល់ដោយ រ៉ូតថារី អន្តរជាតិ ដែលកើតចេញពី ក្លឹប ភ្នំពេញ កាពីតូល ។ នាពេលកន្លងមកក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ផ្តល់ជំនួយ និងធ្វើកិច្ចការងារសង្គមជាច្រើនរួចមកហើយ ហើយសព្វថ្ងៃនេះ កំពុងតែធ្វើគម្រោងជាច្រើន ជួយដល់សហគមន៍ ជាបន្តបន្ទាប់ទៀត៕