(កំពង់ស្ពឺ)៖ បើទោះបីពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងតែជួបប្រទះនូវវិបត្តិរាតត្បាតជំងឺកូវីដ-១៩ ក្តី ក៏កម្ពុជា មិនរារែកក្នុងការបញ្ជូនកងកម្លាំងរបស់ខ្លួន ទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិនោះឡើយ ខណៈកងអនុសេនាធំកងរាជអាវុធហត្ថលេខ១៨៦ ចំនួន៧៣នាក់ នឹងត្រៀមទៅបំពេញបេសកកម្ម នៅប្រទេសស៊ូដង់ខាងត្បូង ឆាប់ៗនេះ។ នេះជាការបញ្ជាក់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ក្នុងពិធីចុះជួបសំណេះសំណាលកងអនុសេនាធំកងរាជអាវុធហត្ថលេខ១៨៦ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ នៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឥឡូវមិនទាន់ទៅទេ កម្លាំងដែលយើង ត្រៀមមានកម្លាំងចំនួន៧៣នាក់ ដែលជាកម្លាំងកងរាជអាវុធហត្ថ អ្វីៗយើងត្រៀមគ្រប់លក្ខណៈសម្បត្តិទាំងអស់ ទាំងមធ្យោបាយ និងតាមនិយាមរបស់អង្គការសហប្រជាជាតិ គឺដល់ពេលវេលាកម្លាំងហ្នឹង ត្រូវប្តូរគឺយើងនឹងបំពេញការងារ ប្រហែលខែក្រោយ យើងកំពុងពិនិត្យមើល»។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានឱ្យដឹងថា សម្រាប់កងកម្លាំងទ័ពខៀវកម្ពុជាទាំងអស់ដែលត្រូវទៅបំពេញបេសកកម្មរក្សាសន្តិភាព គឺត្រូវតែអនុវត្តតាមវិធានសុខាភិបាល ក៏ដូចជាការតាមការណែនាំរបស់អង្គការសហប្រជាជាតិ ដែលបានកំណត់ដើម្បីការពារទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩។ បន្ថែមពីនេះ មិនមែនមានតែប្រទេសកម្ពុជាតែមួយនោះទេ ដែលបានបញ្ជូន និងបញ្ចប់បេសកកម្មរបស់កងទ័ពខ្លួន ហើយចំពោះការផ្លាស់ប្តូរកងទ័ពថ្មីទៅបំពេញបេសកកម្មរក្សាសន្តិភាពនេះ នៅក្នុងវបត្តិរាតត្បាតសកលជំងឺកូវីដ-១៩នេះ គឺមានប្រទេសជាច្រើនបានបញ្ជូនកងកម្លាំងរបស់ខ្លួនឱ្យចូលរួមផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចជាស្រេចនូវទីតាំងសម្រាប់ដាក់កងទ័ពមួកខៀវ ដែលនឹងបញ្ចប់បេសកកម្មរបស់ខ្លួននៅក្រៅប្រទេស ដែលវិលចូលមាតុភូមិ ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមវិធានសុខាភិបាលកំណត់ជាដើម ខណៈកងទ័ពមួកខៀវដែលនឹងធ្វើមាតុភូមិនិវត្តន៍សម្រាប់ឆ្នាំ២០២០ មកពីប្រទេសម៉ាលី ប្រទេសស៊ូដង់ខាងត្បូង និងអាហ្វ្រិកកណ្តាល មានចំនួនសរុបចំនួន ៤៦៣នាក់ ដែលត្រូវនិវត្តន៍ជាតំណាក់កាលបន្តបន្ទាប់ ចាប់ពីខែកញ្ញា ខាងមុខនេះ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានឱ្យដឹងថា ទន្ទឹមនឹងការចេញដំណើររបស់កងរាជអាវុធហត្ថលេខ១៨៦ កងវិស្វកម្មព្រលានយន្តហោះលេខ ៩៧២ និងកងកម្ទេចគ្រឿងផ្ទុះលេខ៨៨២ នឹងធ្វើដំណើរទៅកាន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី នាខែកញ្ញា ឆ្នាំ២០២០ ខាងមុខផងដែរ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មជ្ឈមណ្ឌលជាតិបានកែសម្រួលអគារធ្វើចត្តាឡីស័ក នៅក្នុងសាលាបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព ពហុជាតិ និងវិទ្យាស្ថាមឧត្តុង្គ ដោយអនុញ្ញាតកងកម្លាំងមួកខៀវស្នាក់នៅក្នុង១បន្ទប់ មាន៣នាក់ នៅសាលាបណ្តុះបណ្តាល កងកម្លាំងរក្សាសន្តិភាពពហុជាតិ និង១បន្ទប់៤នាក់ នៅវិទ្យាស្ថានឧត្តុង្គ សរុប២៦៨នាក់។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានកងទ័ពមួកខៀវចំនួន៥ កងកម្លាំងធំៗ និងមានកងកម្លាំងរក្សាសន្តិភាពសរុបចំនួន ៦៧៨នាក់ ក្នុងនារីជិត ៨០នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាព UN នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន៖ ប្រទេសម៉ាលី, ប្រទេសស៊ូដង់ខាងត្បូង, ប្រទេសអាហ្វ្រិកកណ្ដាល និងប្រទេសលីបង់ជាដើម ខណៈស្ថានភាពវិបត្តិជំងឺកូវីដ-១៩ នៅតាមបណ្តាប្រទេសទាំង៤ នោះកំពុងតែរីករាលដាលផងដែរ៕