(កំពង់ធំ)៖ គណបក្សប្រជាជនកម្ពុជាស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ បានប្រកាសបញ្ចូលសមាជិកថ្មី៣៣៣នាក់បន្ថែមទៀត ក្រោមអធិបតីលោក សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងលោក នង វាសនា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកសណ្តាន់។
ថ្លែងនៅក្នុងពិធីប្រកាសនោះលោក សុខ លូ បានកោតសរសើរដល់គណបក្សឃុំ គណបក្សស្រុក ព្រមទាំងក្រុមការងារទាំងអស់ដែលបានខិតខំផ្សព្វផ្សាយ អំពីគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា និងសមទ្ធិផលថ្មីៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយមានភាពជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំ ព្រមទាំងសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រជាពលរដ្ឋដែលជាសមាជិកគណបក្សប្រជាជនថ្មី បានសំរេចចិត្តយ៉ាងត្រឹមត្រូវមកចូលជាសមាជិករបស់គណបក្ស។
ក្នុងនាមជាយុវជនរបស់គណបក្សប្រជាជនកម្ពុជាត្រូវក្លាហាន ស្វាហាប់ គោរពនូវតួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេសយុវជន និងសមាជិកគណបក្សប្រជាជនម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹក ពិតប្រាកដជូនគណបក្សប្រជាជនកម្ពុជា បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍឱ្យបានយូរ អង្វែងតទៅទៀតសម្រាប់អនាគត់កូនចៅជំនាន់ក្រោយ។
លោក សុខ លូ ក៏បានលើកឡើងអំពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានជួយរំដោះប្រទេសជាតិ ឲ្យរួចផុតរបបប្រល័យពូជសាសន៍ ដោយបានដឹកនាំ ប្រទេសឲ្យមានការរីកចម្រើន ជាពិសេសអាចរក្សាបាននូវស្ថេរភាពនយោបាយ សុខសន្តិភាពពេញលេញទូទាំងប្រទេស ប្រជាពលរដ្ឋមានជីវភាពប្រសើរជាងមុន និងរស់ នៅបានភាពសុខដុមរមនា។
លោក សុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវផ្លាស់ប្តូរទម្លាប់នៃការរស់នៅដោយរក្សាអនាម័យជាប់ជានិច្ច ហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេស ត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែល ដាក់ជាប់តាមខ្លួនជាប្រចាំនៅពេលធ្វើដំណើរនៅគ្រប់ទីកន្លែង ត្រូវពាក់ម៉ាស នៅពេលចាំបាច់ ជាពិសេសមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្តនោះទេ ដើម្បីរួមគ្នាទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩។ ត្រូវជួយអប់រំកូនចៅឲ្យចូលរួមគោរពច្បាប់ ចរាចរណ៍ រាល់ការបើកបរម៉ូតូត្រូវពាក់មួយសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន៕