(ភ្នំពេញ)៖ លោក ម៉ែន កុម្ភៈ ស្ថាបនិកក្លឹបហ្វ្រេនឆាយកម្ពុជា និងជាអ្នកនិពន្ធសៀវភៅ «មូលដ្ឋានគន្លឹះ ក្នុងការវិនិយោគលើអាជីវកម្ម Franchise» បានគូសបញ្ជាក់ថា ដើម្បីវិនិយោគអាជីវកម្ម Franchise ឲ្យបានត្រឹមត្រូវ មានចំណុចធំៗជាច្រើន ដែលអ្នកវិនិយោគត្រូវស្វែងយល់។

ក្នុងកិច្ចសម្ភាសកម្មវិធីភ្ញៀវប្រចាំសប្ដាហ៍របស់ទូរទស្សន៍ Fresh News លោក ម៉ែន កុម្ភៈ បានឲ្យដឹងថា គន្លឹះនៃការវិនិយោគអាជីវកម្ម Franchise ឲ្យបានត្រឹមត្រូវ មានចំណុចធំៗជាច្រើនរួមមាន៖

* ទី១៖ ត្រូវមានទុនវិនិយោគ ពីព្រោះអាជីវកម្មប្រភេទ Franchise ត្រូវតែមានទុនបម្រុង សម្រាប់ធ្វើអ្វីថ្មីៗក្នុងយីហោមួយនេះ
* ទី២៖ ត្រូវមានសមត្ថភាពផ្ទាល់ខ្លួន! យើងត្រូវសួរខ្លួនឯងថា តើក្រៅពីចំណេះដឹង Franchise យើងមានសមត្ថភាព ឬក៏ចំណេះដឹងអ្វីផ្សេងទៀត ឬអត់?

ត្រង់ចំណុចទី២នេះ លោក ម៉ែន កុម្ភៈ បានពន្យល់ថា យីហោដែលទិញ តម្រូវឲ្យទិញសិទ្ធិអាជីវកម្ម ទៅបណ្ដុះបណ្ដាល ឬក៏គ្រាន់តែបំពេញបន្ថែម ហើយបងប្អូនត្រូវគិតថា អាជីវកម្ម Franchise នេះ គ្រាន់តែជាការងារបន្ថែមទេ ឬមួយក៏ជាការងារស្នួលផ្ទាល់ខ្លួនតែម្ដង។

* ទី៣៖ គោលដៅ! តើយើងមានឆន្ទះ ស្រលាញ់វិស័យអាជីវកម្មប្រភេទ Franchise យូរអង្វែងប៉ុណ្ណា? បើសិនគ្រាន់តែលំៗទេ លោកលើកទឹកចិត្ដថា គួរតែរកអ្វីដែលខ្លាំង ជាងលំៗបែបនេះ ប្រសើរជាង។

លោក ម៉ែន កុម្ភៈ បានបញ្ជាក់ថា «យើងត្រូវតែសួរទៀតថា តើចំណូលដែលចេញ ពីទីតាំងដែលយើងបើក ជាចំណូលស្នូល ឬក៏ជាចំណូលបន្ទាប់បន្សំ បើជាចំណូលបន្ទាប់បន្សំ ខ្ញុំសូមឲ្យគិតឡើងវិញ»។

លោកបន្ថែមថា បន្ទាប់ទៀត គឺសំខាន់ ត្រូវតែសួរសំនួរខ្លួនឯង ឲ្យបានច្រើនសំនួរ ដែលសំនួរទាំងនោះ សុទ្ធសឹងតែធ្វើវាឲ្យបាន យ៉ាងហោចណាស់៨០ភាគរយឡើងទៅ ទើបសម្រេចចិត្ដវិនិយោគអាជីវកម្ម Franchise វាមិនខុស ដែលក្នុងនោះ មានដូចជា៖

ទី១៖ ត្រូវសិក្សាផ្នែកច្បាប់ ពាក់ព័ន្ធនឹងវិស័យ Franchise ថាតើទីតាំង និងប្រទេសដែលចង់ធ្វើ មានច្បាប់ Franchise គ្រប់គ្រាន់ហើយឬនៅ ហើយបើអត់ច្បាប់ យ៉ាងហោចណាស់ត្រូវដឹងថា មានច្បាប់កម្មសិទ្ធិបញ្ញា។
ទី២៖ បងប្អូនត្រូវសួរខ្លួនឯងថា តើពិតជាអាចធ្វើតាម នូវតម្រូវការប្រព័ន្ធ Franchise បានដែរឬទេ ?
ទី៣៖ បងប្អូនត្រូវយល់ពីទម្រង់ Franchise ឲ្យបានច្រើន ជាពិសេសឯកសារ ពាក់ព័ន្ធនិងអាជីវកម្ម Franchise
ទី៤៖ មុននឹងបងប្អូន សម្រេចយកយីហោអ្វីមួយ មកធ្វើអាជីវកម្ម ត្រូវចុះទៅទីតាំងកន្លែងនោះផ្ទាល់
ទី៥៖ ត្រូវចេះសួរនាំ ពីអ្នកទិញសិទ្ធិដទៃទៀត និងត្រូវដឹងអំពីអាយុកាលរបស់យីហោ ដែលយើងសម្រេចមកធ្វើអាជីវកម្ម
ទី៦៖ ត្រូវរកអ្នកជំនាញ ដើម្បីវាយតម្លៃ និងផលិតផល Franchise នោះ។

លោកបន្ថែមទៀតថា ម្ចាស់អាជីវកម្មចង់យល់ដឹងច្រើនអំពីការវិនិយោគលើអាជីវកម្ម Franchise អាចស្វែងរកសៀវភៅ «មូលដ្ឋានគន្លឹះ ក្នុងការវិនិយោគលើអាជីវកម្ម Franchise» ដែលជាសៀវភៅមានតែមួយគត់នៅកម្ពុជា ជាស្នាដៃរបស់កូនខ្មែរ ដោយទាក់ទងទូរស័ព្ទលេខ ០៩២ ៧៦៦ ៧៩៩ និង ០៦៩ ៩១៦ ៩៩៨៕