(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរងអជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអគ្គស្នងការរងនគរបាលជាតិ ទទួលផែនបង្ក្រាបគ្រឿងញៀន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះថា ក្នុងឱកាសអបអរទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ ២៦ មិថុនា ឆ្នាំ២០២០ ដែលរៀបចំឡើងជាបន្តបន្ទាប់ ចាប់តាំងពីចុងខែមិថុនា រហូតដល់ ពាក់កណ្តាលខែសីហា ឆ្នាំ២០២០ កម្ពុជាបានដុតបំផ្លាញថ្នាំញៀនជាង៧៧៦គីឡូក្រាម និងសារធាតុផ្សំមួយចំនួនទៀតផងដែរ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែបានប្រារព្ធពិធីដុតបំផ្លាញគ្រឿងញៀនជាងរៀងរាល់ឆ្នាំ ពិសេសនៅក្នុងឱកាសទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ ២៦ មិថុនា ហើយសម្រាប់ឆ្នាំ២០២០នេះ ដើម្បីអបអរទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ ២៦ មិថុនា ឆ្នាំ២០២០ មានការដុតបំផ្លាញគ្រឿងញៀនចំនួន៦លើក នៅរាជធានី-ខេត្តចំនួន២៥ផ្សេងៗគ្នារួមមាន៖

១៖ រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដែលប្រមូលថ្នាំញៀនមកពី រាជធានីភ្នំពេញ កណ្ដាល តាកែវ និងកំពង់ស្ពឺ ចំនួន១៦៧សំណុំរឿង ថ្នាំជាង៤៧៧គីឡូក្រាម។

២៖ ខេត្តស្ទឹងត្រែង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដែលប្រមូលថ្នាំញៀន មកពីខេត្តស្ទឹងត្រែង រតនគិរី ព្រះវិហារ មណ្ឌលគិរី និងក្រចេះ ចំនួន១៩៦សំណុំរឿង ថ្នាំជាង៩៣គីឡូក្រាម និងសារធាតុគីមី ៨៤៨.៤ក្រាម ។

៣៖ ខេត្តបាត់តំបង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដែលប្រមូលថ្នាំញៀនមកពី ខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងកំពង់ឆ្នាំ ចំនួន៥៣២សំណុំរឿង ថ្នាំជាង ២៣គីឡូក្រាម។ 

៤៖ ខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ដែលប្រមូលថ្នាំញៀនពីខេត្តព្រះសីហនុ កំពត កោះកុង និងកែប ចំនួន៨៦សំណុំរឿង ចំនួនថ្នាំជាង៥១គីឡូក្រាម។

៥៖ ខេត្តស្វាយរៀង នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ដែលប្រមូលថ្នាំញៀនពីខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងត្បូងឃ្មុំ ចំនួន៥២២ សំណុំរឿង ចំនួនជាង៣៦គីឡូក្រាម និងកញ្ឆា ៨.៩៦ក្រាម ។

៦៖ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ដែលប្រមូលថ្នាំញៀនពីបន្ទាយមានជ័យ សៀមរាប កំពង់ធំ និងឧត្តរមានជ័យ ចំនួន១០៤៦សំណុំរឿង ចំនួនថ្នាំជាង៩៣គីឡូក្រាម៕