(ភ្នំពេញ)៖ ត្រីប្រា និងទីឡាព្យ៉ា ដែលជាត្រីពូជល្អៗត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់ជូនទៅខាងជលផលយកទៅបង្កាត់ពូជ ដើម្បីយកកូនត្រីចែកជូនប្រជាពលរដ្ឋចិញ្ចឹម។
លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះថា ពូជត្រីប្រា និងទីឡាព្យ៉ានេះ ជាពូជត្រីល្អៗដែលបានចិញ្ចឹមនៅក្នុងផ្ទះសម្តេចនាយករដ្ឋមន្ត្រីក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក អេង ជាសាន បានបន្ថែមថា សម្តេចតេជោ បានអនុញ្ញាតឱ្យរដ្ឋបាលជលផលចាប់យកពូជត្រីនេះ យកទៅបង្កាត់នៅវិទ្យាស្ថានស្រាវជ្រាវវារីវប្បកម្មសម្តេចតេជោរកាខ្ពស់ ក្នុងស្រុកស្អាង ខេត្តកណ្តាល ដើម្បីយកកូនត្រីទៅចែកជូនប្រជាពលរដ្ឋ។
បើតាមលោក អេង ជាសាន នៅស្រះត្រីរបស់សម្តេចក្នុងភូមិគ្រឹះនាក្រុងតាខ្មៅនោះ មានត្រីប្រា និងទីឡាព្យ៉ា រាប់ពាន់ក្បាល ជាពូជត្រីល្អៗចាប់ពីបឹង និងទន្លេធម្មជាតិ។
លោក អេង ជាសាន បានអះអាងថា ពូជត្រីប្រានេះ មានទម្លន់ចន្លោះពី ៨ ទៅ ១២គីឡូ ហើយត្រីទីឡាព្យ៉ាវិញ មានទម្ងន់ចន្លោះពី ១គីឡូ ទៅ ២គីឡូក្រាម។
ក្នុងកំលុងពេលរាតត្បាតនៃជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការចិញ្ចឹមត្រី សត្វ ក៏ដូចជាដាំដុះបន្លែបង្ការផ្សេង ដើម្បីធានាដល់សន្តិសុខស្បៀង និងដោះស្រាយបញ្ហាក្នុងជីវភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងកសិកម្ម ក៏ដូចជារដ្ឋបាលជលផល ឱ្យចែកពូជត្រី ពូជសត្វ និងពូជបន្លែបង្ការ ព្រមទាំងអ្នកបច្ចេកទេស ដើម្បីជួយគាំទ្រដល់ការចិញ្ចឹម និងដាំដុះរបស់ប្រជាកសិករ។
ក្រសួងកសិកម្ម រដ្ឋបាលជលផល និងមន្ត្រីជំនាញបាននិងកំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីគាំទ្រដល់ការចិញ្ចឹមត្រី សត្វ និងការដាំដុះបន្លែបង្ការរបស់ប្រជាកសិករ។
ការផ្តល់ត្រីប្រា និងត្រីទីឡាព្យ៉ា ជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់មួយទៀតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលើកការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋ។ ជួសមុខឱ្យប្រជាពលរដ្ឋ លោក អេង ជាសាន បានគោរពថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋ ហើយបានផ្តល់ពូជត្រីល្អ ដើម្បីបង្កាត់យកកូនត្រីទៅចិញ្ចឹមទទួលបានផលខ្ពស់៕