(ភ្នំពេញ)៖ វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០ ត្រូវបានរៀបចំប្រកួតវគ្គដំបូងនៅខេត្តស្ទឹងត្រែង ក្រោមប្រធានបទ «ការគ្រងតំបន់ការពារធម្មជាតិ គឺជាកាតព្វកិច្ចរបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ» ដោយមានសិស្សានុសិស្សមកវិទ្យាល័យព្រះរាជបូជនីយកិច្ច និងវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែងចូលរួម។
វេទិកានេះធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ និងរៀបចំឡើងដោយក្រសួងបរិស្ថាន និងមានកិច្ចសហការពីគម្រោង USIAD ព្រៃឡង់បៃតង ដែលបានប្រព្រឹត្តទៅក្រោមអធិបតីលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែង និងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យព្រះរាជបូជនីយកិច្ច និងវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែងជាច្រើននាក់។
លោក ម៉ុម សារឿន បានថ្លែងថា វេទិកាយុវជនជជែកអំពីបរិស្ថានជាឱកាសល្អមួយ ដែលអាចឲ្យសិស្សានុសិស្សបញ្ចេញនូវសមត្ថភាពរបស់ខ្លួន ពាក់ព័ន្ធនឹងការយល់ដឹងអំពីបញ្ហាបរិស្ថានទូទៅ ព្រោះបញ្ហាបរិស្ថាននេះ ជាបញ្ហារួមដែលយើងគ្រប់គ្នាត្រូវយល់ដឹង។ ម៉្យាងទៀត វាជាបញ្ហាមួយដែលបណ្តាមេដឹកនាំពិភពលោក ក៏ដូចជាប្រទេសកម្ពុជា បានកំពុងរួមគ្នាយកចិត្តទុកដាក់គិតគូរ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងកាត់បន្ថយបាននូវផលប៉ះពាល់ទៅលើសេដ្ឋកិច្ច សង្គម និងសុខភាពរបស់មនុស្សសត្វនៅលើភពផែនដី។
លោកអភិបាលខេត្តបន្តថា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០នាពេលនេះ ជាមោទកភាពមួយរបស់ខេត្តស្ទឹងត្រែង ដែលត្រូវបានក្រសួងបរិស្ថានជ្រើសរើស និងរៀបចំការប្រកួតវគ្គដំបូង។ ម៉្យាងទៀត វេទិកានេះពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំង ដោយផ្តល់ឱកាសដល់សិស្សានុសិស្សនៅក្នុងខេត្ត និងអាជ្ញាធរពាក់ព័ន្ធអាចចូលរួមស្តាប់ និងសិក្សាស្វែងយល់ពីបរិស្ថាន បន្ថែមការយល់ដឹងទូទៅអំពីបរិស្ថាន ព្រមទាំងនាំគ្នាចូលរួមការពារ ទប់ស្កាត់ ការបំផ្លាញ់បរិស្ថាននិងធនធានធម្មជាតិ។
លោក ផៃ ប៊ុនឈឿន បានសង្កត់ធ្ងន់ថា បញ្ហាបរិស្ថានជាបញ្ហារបស់យើងទាំងអស់គ្នាដែលត្រូវគិតគូរ យកចិត្តទុកដាក់ក្នុងការការពារថែរក្សា។ លោកបន្តថា ក្រសួងបរិស្ថានធ្លាប់មានទិសដៅរៀបចំវេទិកា សម្រាប់វគ្គប្រកួតដំបូងលើខេត្តចំនួន៥ រួមមានខេត្តស្ទឹងត្រែង ព្រះវិហារ កំពង់ធំ ក្រចេះ និងរាជធានីភ្នំពេញ ប៉ុន្តែមានប្រធានបទផ្សេងៗពីគ្នា សមស្របទៅតាមភូមិសាស្ត្រនិងតំបន់។ ដោយឡែកសម្រាប់ខេត្តស្ទឹងត្រែងនាពេលនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ ការគ្រងតំបន់ការពារធម្មជាតិ គឺជាកាតព្វកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សមស្របនឹងខេត្តដែលសម្បូទៅដោយតំបន់ការពារធនធានធម្មជាតិ។
លោក ផៃ ប៊ុនឈឿន បញ្ជាក់ថា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០ មានលក្ខណៈពិសេសជាងការប្រកួតប្រជែងឆ្នាំកន្លងមក ដោយបេក្ខជនដែលចូលរួមប្រកួតប្រជែង អាចធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទជាក់ស្តែង ដែលកំពុងតែកើតមានក្នុងមូលដ្ឋានរបស់ខ្លួន ដោយផ្តោតលើការការពារ និងអភិរក្សធនធានធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋានជាដើម។
លោកបានលើកទឹកចិត្តឱ្យសិស្សានុសិស្ស ខិតខំយកចិត្តទុកដាក់ចូលរួមក្នុងវេទិកានេះ ដែលនឹងផ្តល់សារអប់រំដល់សារធារណជនទូទៅយល់ដឹងពីអត្ថប្រយោជន៍នៃជីវៈចម្រុះ និងជម្រើសមុខរបរសម្រាប់ប្រជាសហគមន៍ ដើម្បីឈានទៅរកការកែប្រែឥរិយាបថរបស់បុគ្គល និងអភិវឌ្ឍទង្វើប្រកបដោយសីលធម៌សំដៅចូលរួមយ៉ាងសកម្មក្នុងការពារ និងអភិរក្សជីវៈចម្រុះឱ្យបានស្ថិតស្ថេរ សម្រាប់ជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់៕