(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ និងជាសមាជិកក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំ ក្រុមការងារ នាំយកអំណោយជាស្បៀងប្រគល់ជូនប្រជាពលរដ្ឋ១០០គ្រួសារ នៅភូមិពាមគ្រែង ស្រុកកំពង់ស្វាយ និងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លើកឡើងក្នុងឱកាសនោះលោក ជា វ៉ាន់ជាន់ បានថ្លែងអំណរគុណដល់លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយកសមាគមបេសកកម្មដំណឹង និងក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត (BemaReal Estate co.Ltd) ដែលតែងតែជួយទៅដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ដើម្បីឲ្យមានសកម្មភាពមនុស្សធម៌ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរា ស្រ្ដីមេម៉ាយ ជនពិការ និងប្រជាពលរដ្ឋជួបបញ្ហាលំបាកខ្វះស្បៀងអាហារ។

លោក ជា វ៉ាន់ចាន់ ក៏បានណែនាំដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ខណៈដែលកំពុងរាលដាលយ៉ាងខ្លាំងពេញពិភពលោក ហើយក្នុងនោះកម្ពុជាក៏មាន អ្នកឆ្លងជំងឺនេះពីក្រៅប្រទេសជាបន្តបន្ទាប់ដែរ។

លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ទៅពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញ នៅមណ្ឌលសុខភាពដែលនៅជិតបំផុត ហើយត្រូវអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសារអប់រំណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កំពុងតែកើតមានទ្បើងនៅក្នុងប្រទេស។

លោកបន្តថា ចំពោះគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានត្រូវផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាននូវ ចំណេះដឹងច្បាស់លាស់កុំឲ្យមានបញ្ហាអំពើហិង្សាក្នុងគ្រួសារ ត្រូវគោរពច្បាប់ចរាចរណ៍ និងការរំលោភបំពានផ្សេងៗ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បំផុតព្រមទាំង ខិតខំពន្យល់ដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីការប្រែប្រួលអាកាសធាតុផងដែរ។

សូមជម្រាបថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ ១០០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ មី ទឹកត្រី និងអាហារបំប៉នផងដែរ៕