(ភ្នំពេញ)៖ កូនស្រីបីនាក់! ម្នាក់អាយុ១៦ឆ្នាំ ម្នាក់អាយុ៥ឆ្នាំ ម្នាក់អាយុ៤ឆ្នាំ ត្រូវបានឪពុកច្របាច់កសម្លាប់ចោលទាំងបី ដោយមិនអាសូរ រួចឪពុករូបនោះក៏បានចងកសម្លាប់ខ្លួនតាមក្រោយដែរ។
ហេតុការណ៍ដ៏តក់ស្លុត និងអាសូរជាពន់ពេកនេះ បានកើតឡើងព្រលប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់ជួលមួយកន្លែង តាមបណ្តោយផ្លូវលេខ១០១៣ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមសំដីប្រពន្ធជនរងគ្រោះ និងជាម្តាយកូនស្រីទាំង៣ មានឈ្មោះ ឌីម សុខនាថ ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នៅវេលាម៉ោង២០៖៣០នាទីយប់ ខ្លួនត្រឡប់មកពីធ្វើការវិញ ពេលមកដល់ផ្ទះឃើញទ្វារផ្ទះបិទ ក៏ស្រែកហៅកូនៗ តែមិនឮសំឡេងឆ្លើយ ខ្លួនបានរុញច្រានទ្វារហូតរបើកទ្វារ ភ្លាមនោះក៏ចូលទៅក្នុងបន្ទប់ស្រាប់តែឃើញជនរងគ្រោះជាប្ដី បានចងកស្លាប់បាត់ហើយ រីឯកូនស្រី២នាក់ ក៏ឃើញស្លាប់នៅលើគ្រែ និងកូនស្រីច្បង ស្លាប់នៅលើបន្ទប់ឡៅតឿ ពេលនោះខ្លួនបានទៅហៅប្អូនថ្លៃស្រី ដែលជួលបន្ទប់ក្បែរគ្នាឲ្យមកជួយ និងស្រែកឆោឡោឲ្យអ្នកជិតខាងមកជួយ ក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្ដង និង បានរាយការណ៍ទៅសមត្ថកិច្ចជំនាញចុះទៅដល់កន្លែងកើតហេតុ។
បន្ទាប់ពីមន្ត្រីជំនាញធ្វើកោសល្យវិច្ច័យរួច លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យអមសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះជាកូនទាំង០៣នាក់ បានស្លាប់ដោយសារច្របាច់ក ចំណែកជនសង្ស័យក្រោយធ្វើសកម្មភាពរួច បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅកន្លែងកើតហេតុតែម្ដង។
សពទាំងបួនរួមមាន៖
១៖ ឪពុកឈ្មោះ ជា សុខជុំ អាយុ៤០ឆ្នាំ មុខរបររត់កង់បី
២៖ កូនស្រីទី១ ឈ្មោះ ជុំ ម៉េងជូ អាយុ១៦ឆ្នាំ
៣៖ កូនស្រីទី២ ឈ្មោះ ជុំ ម៉េងចិន អាយុ៥ឆ្នាំ
៤៖ កូនស្រីទី៣ឈ្មោះ ជុំ ម៉េងជៀន អាយុ៤ឆ្នាំ
សពទាំង០៤នាក់ សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕