(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈ (សាលារដ្ឋ) គ្រប់កម្រិត នៅទីរួមខេត្តចំនួន៤ អាចបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី០៧ ខែកញ្ញាតទៅ ខណៈរាជធានី-ខេត្តផ្សេងៗទៀត នឹងអនុញ្ញាតជាបន្តបន្ទាប់នាពេលក្រោយ។ នេះបើតាមការបញ្ជាក់របស់ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ។
ទីរួមខេត្តទាំង៤នោះរួមមាន ទីរួមខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី ដែលមានកម្រិតហានិភ័យទាប ចំពោះជំងឺកូវីដ១៩។
លោក រស់ សុវាចា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈដែលមានសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ទូទាំងប្រទេស និងគ្រឹះស្ថានសាធារណៈគ្រប់កម្រិត នៅតាមទីរួមខេត្តចំនួន៤ ដែលមានកម្រិតហានិភ័យទាប (ទីរួមខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី) បើកដំណើរការឡើងវិញ បន្ទាប់ពីមានការចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់ដល់ទីតាំងគ្រឹះស្ថានសិក្សា។ ក្រៅពីនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យលទ្ធភាពជាក់ស្តែងបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈតាមរាជធានី ខេត្តផ្សេងទៀតតាមទ្រង់ទ្រាយតូច»។
សម្រាប់គ្រឹះស្ថានសិក្សាឯកវិញ លោកបន្តថា ក្រសួងអប់រំនឹងអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន ពីកម្រិតមត្តេយ្យសិក្សាដល់ឧត្តម សិក្សាបើកដំណើរការឡើងវិញ បន្ទាប់ពីមានការចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់ដល់ទីតាំងគ្រឹះស្ថានសិក្សា។ គ្រឹះស្ថានសិក្សាឯកជន ត្រូវដាក់ពាក្យស្នើសុំបើក មកក្រសួងអប់រំ យុវជន និងកីឡាតាមរយៈមន្ទីរអប់រំ យុវជន និងកីឡា។ គ្រឹះស្ថានសិក្សាឯកជនត្រូវចុះកិច្ចព្រមព្រៀងជាមួយក្រសួងអប់រំ យុវជន និងកីឡាមុនការបើកដំណើរការ។
លោកបន្ថែមទៀតថា គ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន ត្រូវអនុវត្តគោលការណ៍ដូចខាងក្រោម៖
* វិធានការសុវត្ថិភាពសុខភាពសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ដំណើការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ ចុះថ្ងៃទី០៤ សីហា ឆ្នាំ២០២០។
* និយាមរៀន និងបង្រៀនថ្មី៖ កំណត់ចំនួនសិស្សប្រមាណ២០នាក់ក្នុង១ថ្នាក់ និងឆ្លាស់វេនគ្នា
* ថ្នាក់ទី៩ និងថ្នាក់ទី១២ ត្រូវអនុវត្តបញ្ចប់កម្មវិធីសិក្សាត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយមិនមានឈប់សម្រាកវិស្សមកាលធំ។
* ចំពោះកម្រិតសិក្សា និងគ្រឹះស្ថានសិក្សាដទៃទៀត ដែលមិនទាន់បានបើកដំណើរការឡើងវិញ ត្រូវបន្តការសិក្សាពីចម្ងាយ។
* សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៖ ២១ ធ្នូ ២០២០
* សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ៖ ៣០ វិច្ឆិកា ២០២០
លោកបន្តទៀតថា ស្របពេលជាមួយនឹងការអនុវត្តដំណាក់កាលទី២ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ សិក្សាស្ថានភាព និងវាយតម្លៃការរៀបចំរបស់គ្រឹះស្ថានសិក្សា សម្រាប់ត្រៀមខ្លួនបើកដំណើរការ ដំណាក់កាលទី៣ បន្តទៀត។
សូមជម្រាបថា ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី២ នឹងចាប់ផ្តើម ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ សម្រាប់គ្រឹះស្ថានសិក្សាសាធារណ:ខ្លះ និងគ្រឹះស្ថានសិក្សាឯកជនខ្លះ ដោយត្រូវអនុវត្តតាមលក្ខខណ្ឌតម្រូវបច្ចេកទេសនៃការសិក្សា និងការបង្រៀនដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិធីសាស្រ្តនៃការសិក្សាតាមបែបចម្រុះ (រៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញខ្លះ អមដោយសន្លឹកកិច្ចការជំនួយខ្លះ និងសៀវភៅសិក្សាគោលខ្លះតាមតម្រូវការជាក់ស្តែង) និងត្រូវអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ដំណើការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩៕