(កំពត)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា និងលោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានការអនុវត្តន៍ច្បាប់ និងស្វែងយល់អំពីស្ថានភាព នៃផលប៉ះពាល់ជុំវិញជំងឺ COVID-19 នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ដោយចូលរួមពីអ្នកពាក់ព័ន្ធប្រមាណ៥៥នាក់។
លោកអភិបាលខេត្ត ជាវ តាយ បានរាយការណ៍អំពីសភាពការណ៍ទូទៅរបស់រដ្ឋបាលខេត្ត និងជម្រាបជូនអំពីការអនុវត្តមុខងារវិស័យសេដ្ឋកិច្ចហិរញ្ញវត្ថុ ជារួមក្នុងខេត្តកំពតក្នុងពេលកន្លងមក និងបញ្ហាប្រឈមទាំងឡាយដែលកើតមានផងដែរក្នុងដំណាក់កាលនៃការរីករាលដាលជំងឺCovid-19 នៅក្នុងខេត្ត។ ជារួមស្ថានភាពសេដ្ឋកិច្ចខេត្ត នៅក្នុងដំណាក់កាលជំងឺរាតត្បាត Covid-19 សម្រាប់ខេត្តកំពត ការប្រមូលចំណូលមិនមានការប៉ះពាល់ធំធេងឡើយ។
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងថា គោលបំណងនៃដំណើរបេសកកម្មរបស់គណៈកម្មការទី២ នៃរដ្ឋសភានៅខេត្តកំពត នាពេលនេះ ដើម្បីធ្វើការត្រួតពិនិត្យ និងតាមដានច្បាប់ទាំងឡាយដែលរដ្ឋសភា ព្រឹទ្ធសភា បានអនុម័តរួច នាពេលកន្លងមកថាតើការអនុវត្តច្បាប់ទាំងនោះ មានប្រសិទ្ធភាពប៉ុណ្ណា ជួបបញ្ហាប្រឈមអ្វីខ្លះ និងស្វែងយល់អំពីស្ថានភាព ជុំវិញផលប៉ះពាល់ពាក់ព័ន្ធជំងឺកូវិដ-១៩ ដើម្បីធ្វើរបាយការណ៍ជូន សម្ដេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រី។
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបន្តទៀតថា ខេត្តកំពត គឺជាខេត្តមួយត្រូវបានរាជរដ្ឋាភិបាល ដាក់ជាគោលដៅទេសចរណ៍ និងជាខេត្តសម្រាប់ប្រមូលផលកសិកម្ម នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដោយខេត្តកំពតមានសក្តានុពល ដំណាំម្រេច និងទុរេន បូករួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនតភ្ជាប់ទាំងផ្លូវគោក ផ្លូវទឹក ដូចជា កំពង់ផែសមុទ្រ ធាតុផ្សំផ្សេងៗទៀត និងមានច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម ដែលមានការចេញចូលភ្ញៀវទេសចរណ៍ និងមានការដោះដូរទំនិញ ដែលធ្វើអោយសកម្មភាពសេដ្ឋកិច្ចក្នុងខេត្ត ដំណើរការបានយ៉ាងល្អ។
ក្រោយពីស្តាប់របាយការណ៍របស់លោកអភិបាលខេត្តរួចមក លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តដែលបានអនុវត្តកន្លងមក ដោយបានមកពីការចូលរួមអនុវត្ត ពីមន្ត្រីរាជការក្នុងខេត្តកំពត ក្នុងនាមគណៈប្រតិភូ បានផ្តល់អនុសាសន៍ណែនាំដល់រដ្ឋបាលខេត្តអនុវត្តបន្តដូចខាងក្រោម៖
*ទី១៖ ស្នើសុំរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធចូលរួមអនុវត្តឲ្យខាងតែបាន នូវអនុសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ប្តូរផ្តាច់ក្នុងការ រក្សាការពារ សុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដី រក្សាឲ្យបានសន្តិសុខសណ្តាប់ធ្នាប់សង្គម និងរក្សារបានស្ថិរភាពនយោបាយ និងរក្សាបានស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋកម្ពុជា។
*ទី២៖ ស្នើរដ្ឋបាលខេត្ត និងប្រតិបត្តិករក្នុងវិស័យសេដ្ឋកិច្ច អនុវត្តឲ្យបានភ្ជាប់ភ្ជួន ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និងការប្រមូលចំណូល និងការចំណាយឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដោយសារតែជំងឺ Covid-19 ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាអវិជ្ជមាន តែទោះយ៉ាងណាក៏ដោយស្នើរដ្ឋបាលខេត្ត រក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងកម្រិតអប្បបរិមា មានន័យថាមិនឲ្យប្រជាជនអត់បាយ ជាពិសេសពលរដ្ឋក្រីក្រ និងអ្នកអត់ការងារធ្វើ។
*ទី៣៖ ស្នើសុំរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ជំរុញនិងបន្ថែមល្បឿន និងបង្កើនប្រសិទ្ធភាព កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ និងគ្រួសាររងគ្រោះដោយជំងឺ Covid-19 ដើម្បីធ្វើឲ្យប្រាកដប្រជាថា គ្រួសារក្រីក្រពិតប្រាកដទទួលបាន ប័ណ្ណសមធម៌ និងការឧបត្ថម្ភនេះ។
*ទី៤៖ ស្នើសុំរដ្ឋបាលខេត្ត ជំរុញវិស័យកសិកម្ម មានដូចជាផលិតកម្មបន្លែ ម្រេច ស្រូវ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី កង្កែប ។ល។ ដែលមានសក្តានុពលសេដ្ឋកិច្ច និងសន្តិសុខស្បៀងផង ជាពិសេសនៅពេលពិភពលោក ក៏ដូចប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។
*ទី៥៖ ស្នើសុំរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ អនុវត្តបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ នូវដំណើរការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាជននៅតាមមូលដ្ឋាន។
*ទី៦៖ បន្តផ្សព្វផ្សាយ និងចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារ នៃការចម្លងជំងឺ Covid-19 ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលមកទស្សនារមណីយដ្ឋានទេចរណ៍ក្នុងខេត្ត។
ក្រោយពីកិច្ចប្រជុំ ប្រធានគណៈកម្មការ និងគណៈប្រិតភូ ក៏បានចុះទៅពិនិត្យជាក់ស្ដែងច្រកទ្វារអន្តរជាតិ កម្ពុជា -វៀតណាម ព្រែកចាក ដើម្បីស្វែងយល់ពីការចេញចូលរបស់ភ្ញៀវទេសចរណ៍ និងការដោះដូរទំនិញរវាងកម្ពុជា និងវៀតណាម៕