(ប៉ៃលិន)៖ ក្រោយទទួលបានដំណឹងពីមន្ទីរកិច្ចការនារីខេត្តថា មានក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ត្រូវបានលោកតាបង្កើតរបស់ខ្លួនចាប់រំលោភសេពសន្ថវៈ ទើបកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋា នគរបាលស្រុកសាលាក្រៅ បានសហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ ចុះទៅនាំខ្លួនជនសង្ស័យម្នាក់ មកធ្វើការសាកសួរកាលពីវេលាម៉ោង៨ និង០០នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចឡឥដ្ឋតាប៉ៃ ស្ថិតក្នុងភូមិ ភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
នគរបាលអធិការស្រុកសាលាក្រៅ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ថា ជនសង្ស័យមាន ឈ្មោះ ឡាយ សូរិយ៉ា ភេទប្រុស អាយុ៥៩ឆ្នាំ ត្រូវជាជីតាបង្កើត ហើយជាកម្មករឡឥដ្ឋមានស្រុកកំណើតនៅភូមិក្រោម ឃុំម្លុង ស្រុកត្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅក្នុងឡឥដ្ឋខាងលើ។
ចំណែកជនរងគ្រោះ មានឈ្មោះ ធ.ន ជ.វ អាយុ១០ឆ្នាំ ត្រូវជាចៅបង្កើត។ នៅថ្ងៃកើតហេតុរយៈពេល២ថ្ងៃមុន លោកតា និងចៅស្រី ស្នាក់នៅក្នុងផ្ទះតែ២នាក់ ដោយសារលោកយាយចេញទៅធ្វើការខាងក្រៅ។
ពេលនោះគេឃើញផ្ទះបិទទ្វារជិត និងមានបាំងវាំងនងងឹតឈឹង ស្រាប់តែក្រោយមកក្មេងស្រីរងគ្រោះបានស្រែកយំ និងរត់ចេញមកខាងក្រៅ។ លុះគេសួរនាំ នាងក៏និយាយប្រាប់ទាំងក្តីភិតភ័យថា តារបស់ខ្លួនបានចាប់រំលោភ ហើយគេក៏ប្រញាប់នាំក្មេងស្រីរងគ្រោះទៅកាន់មន្ទីរកិច្ចការនារីខេត្ត ដើម្បីដាក់ពាក្យបណ្តឹង។
ក្រោយមក ទើបខាងមន្ទីរបញ្ជូនសំណុំរឿងនេះ ទៅខាងនគរបាលនៃអធិការស្រុកសាលាក្រៅ ដើម្បីចុះទៅនាំជនសង្ស័យមកសួរនាំតែម្តង។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ ជនសង្ស័យខាងលើ ត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សួរនាំបន្ត ដើម្បីចាត់ការតាមច្បាប់៕