(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិកានិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩មក ក្រសួងសុខាភិបាល រកឃើញមានជនខិលខួចមួយចំនួនបានលួចចែកចាយឱសថអន់គុណភាពជាង២០ករណី មានភាគច្រើនជាគ្រឿងបរិក្ខារពេទ្យ និងគ្រឿងសំអាង និងចំនួនទៀតជាឧបករណ៍ សម្រាប់ធ្វើតេស្តិ៍រកជំងឺ ដោយក្រសួងបានធ្វើការអប់រំ ផាកពិន័យ និងបានឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការចែកចាយឱសថខូច និងអន់គុណភាពនេះជាបន្ទាន់ផងដែរ។
លោកស្រី ឱ វណ្ណឌីន បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកស្រីតំណាងលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីព្រហ្មទណ្ឌ តួនាទី និងភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ ដល់មន្ត្រីអនុវត្តច្បាប់មកពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងមន្រ្តីអនុវត្តច្បាប់ មកពីមន្ទីរសុខាភិបាលរាជធានីខេត្តទាំង២៥។
ពិធីនេះក៏មានការចូលរួមពីសាស្រ្តាចារ្យ ស្វាយ សំណាង អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ទរណ៍ភ្នំពេញ, លោកឱសសថបណ្ឌិត ហេង ប៊ុនអៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង, លោកឱសថការី ស៊ាង ស៊ិនឌី ប្រធានសមាគមអ្នកចែកចាយឱសថកម្ពុជា និងមានមន្ត្រីអនុវត្តច្បាប់ មកពីនាយកដ្ឋានឱសថ និងមកពីមន្ទីរសុខាភិបាលរាជធានី ខេត្តទាំង២៥ ប្រមាណជិត៥០នាក់ផងដែរ។
លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងទៀតថា ចំពោះឱសថ និងគ្រឿងសម្អាងដែលអនុញ្ញាតឱ្យដាក់លក់លើទីផ្សារ គឺក្រសួងសុខាភិបាលតម្រូវឱ្យមានការចុះទិដ្ឋាការ ឬបញ្ចិកា ឬប្រវេទន៍ពីក្រសួងសុខាភិបាល ប៉ុន្តែស្របគ្នាជាមួយការរីកចម្រើនផ្នែកទីផ្សារនៃអាជីកម្មឱសថ និងគ្រឿងសម្អាង មានជនទុច្ចរិតមួយចំនួនតែងតែរិះរកមធ្យោបាយ និងកលល្បិចផ្សេងៗក្នុងការផលិត នាំចូល ស្តុកទុក និងចែកចាយឱសថ និងគ្រឿងសម្អាងខុសច្បាប់ ជាពិសេសការលក់ឱសថ និងផលិតផលគ្រឿងសម្អាងតាមប្រព័ន្ធអនឡាញ ដែលបទល្មើសទាំងនេះគឺមានការលំបាកក្នុងការស៊ើបអង្កេត និងចាត់វិធានការផងដែរ។
លោកស្រី ឱ វណ្ណឌីន បានបន្តទៀតថា មកដល់ពេលនេះក្រសួងសុខាភិបាលកំពុងតែបន្តធ្វើការងារចុះត្រួតពិនិត្យឱសថនៅតាមទីផ្សារ និងគោលដៅដែលមាន ការសង្ស័យ ដើម្បីស្វែងរកការចែកចាយឱសក្លែងក្លាយ និងអន់គុណភាព និងជ្រើសរើសឱសថដែលមានការសង្ស័យយកមកវិភាគ បើរកឃើញថាឱសថនោះមានភាព មិនប្រក្រតីតិចតួច និងធ្វើការណែនាំ និងផាកពិន័យដល់ម្ចាស់ឱសថស្ថាន និងក្រុមហ៊ុនផលិតនោះ ហើយបើមានការភាពធ្ងន់ធ្ងរនិងចាត់ការតាមនិតិវិធីច្បាប់តែម្តង។
លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវយ៉ាងទទូចស្នើឱ្យជនខិលខូច ដែលតែងតែលួចចែកចាយនូវឱសថក្លែងក្លាយនេះ បញ្ឈប់សកម្មភាពទៀតទៅ ព្រោះការចែកចាយ នេះវាធ្វើឱ្យប៉ះពាល់ខ្លាំងដល់សុខភាពរបស់ប្រជាពលរដ្ឋ។ ជាជំហានៗក្រសួងបានចាប់ផ្តើមចាត់វិធានការហើយ ក្រសួងក៏បានធ្វើកិច្ចសហការជាមួយក្រសួងមហាផ្ទៃ នាយកដ្ឋានប្រឆាំងឱសថក្លែងក្លាយ ដើម្បីចាត់ការលើជនខិលខួចដែលលួចចែកចាយឱសថក្លែងក្លាយនេះផងដែរ៕