(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានប្រគល់អំណោយម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស១គ្រឿង រថយន្តចល័ត និងម៉ាស៊ីនភ្លើង១គ្រឿង របស់សម្តេចតេជោ ហ៊ុន សែន ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ពិធីប្រគល់នេះបានធ្វើឡើង បន្ទាប់ពីកាកបាទក្រហមកម្ពុជា ទទួលបានម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាស១គ្រឿង រថយន្តចល័ត និងម៉ាស៊ីនភ្លើង១គ្រឿងនេះ ពីទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា, លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងថា «ម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយទាញយកពីបរិយាកាសធម្មជាតិ រួមជាមួយរថយន្តចល័ត និងម៉ាស៊ីនភ្លើងមួយឈុតនេះ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលត្រូវបានប្រគល់ ជូនដល់កាកបាទក្រហមកម្ពុជា នឹងបានជំនួយដល់សកម្មភាពមនុស្សធម៌ ចុះជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្ដរាយធម្មជាតិនានា ដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ជាដើម»។
លោកបន្តថា បើមានគ្រោះមហន្ដរាយទឹកជំនន់ នោះអណ្ដូងទឹក គឺមិនអាចប្រើប្រាស់នោះទេ ដូច្នេះម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយទាញយកពីបរិយាកាសធម្មជាតិ នឹងអាចបំពេញភាពខ្វះខាតទឹកស្អាតគ្រប់ពេលវេលា និងគ្រប់ទីកន្លែងភ្លាមៗជាមួយម៉ាស៊ីនទឹក ដែលជាបច្ចេកវិទ្យាទំនើប មានសមត្ថភាពផលិតទឹកបរិសុទ្ធ ដោយស្វ័យប្រវត្តិ ពីខ្យល់ក្នុងបរិយាកាស បានប្រមាណ ៨០០លីត្រក្នុងមួយថ្ងៃ ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។
ទន្ទឹមនឹងនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្នុងនាមកាកបាទក្រហមកម្ពុជា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយជាអនេក ដែលបានទទួលអំណោយនូវម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយទាញយកពីបរិកាស រួមទាំងរថយន្ដចល័ត និងម៉ាស៊ីនភ្លើង១គ្រឿង ដែលមានសារៈប្រយោជន៍បំផុត ក្នុងការចុះជួយប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ ដោយសារគ្រោះធម្មជាតិនានា។
លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានសម្ដែងនូវការថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជា ដែលបានឧបត្ថម្ភម៉ាស៊ីនផលិតទឹកសុទ្ធនេះ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅកម្ពុជា។ លើសពីនោះ សម្ដេចតេជោតែងគិតគូរ និងខិតខំប្រឹងប្រែងកៀរគរជាមួយក្រុមហ៊ុនឯកជន និងអង្គការដៃគូ ជួយផ្ដល់ និងរកដំណោះស្រាយគ្រប់បែបយ៉ាង ដើម្បីបំពេញតម្រូវការទឹកស្អាតជូនពលរដ្ឋ។
លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងបន្ដថា «បច្ចុប្បន្ននេះ កម្ពុជាកំពុងប្រឈមនឹងភាពខ្វះខាតទឹកនៅឡើយ តែក្រោមការដឹកនាំដ៏រឹងមាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រីនឹងផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋទូទាំងប្រទេស ឱ្យបានរហូតដល់ទៅ៩០% នៅឆ្នាំ២០២៣ខាងមុខ»។
ជាមួយគ្នានោះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងអំណរគុណដល់ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ដែលបានផ្ដួចផ្ដើមគំនិតដ៏ល្អ រកម៉ាស៊ីនទឹកបរិសុទ្ធប្រើដោយ បរិយាកាសធម្មជាតិ មានគុណភាពកម្រិតខ្ពស់ រួមទាំងរថយន្ដចល័ត និងម៉ាស៊ីនភ្លើងមួយគ្រឿងនេះ ដែលអាចជួយបំពេញភាពខ្វះខាតរបស់ ប្រជាជនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតែម្ដង ទោះក្នុងទីដាច់ស្រយាលក៏ដោយ។
លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស១គ្រឿង រថយន្តចល័ត និងម៉ាស៊ីនភ្លើង១គ្រឿង ដ៏មានសារៈប្រយោជន៍នេះ កាកបាទក្រហមកម្ពុជា បានធ្វើពិធីប្រគល់បន្ដតែម្ដងជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីយកទៅជួយពលរដ្ឋ នៅតំបន់ភូមិឃុំដាច់ស្រយាលនៅទូទាំងប្រទេស ដែលខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ជាចាំបាច់ខាងមុខនេះ។
សូមជម្រាបថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយ ទាញយកពីបរិកាសចំនួន៥គ្រឿង ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផ្តល់ដាក់នៅតាមមន្ទីរពេទ្យ និងកាកបាទក្រហមកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់៕