(ស្វាយរៀង)៖ បន្ទាប់ពីគោ ក្របី បានងាប់បន្តបន្ទាប់ជាង២០ក្បាល និងឈឺជាង១០០ក្បាល ដោយសារជម្ងឺសារទឹក និងបុសខ្យល់របស់អ្នកភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ឥឡូវនេះមានមន្ត្រីជំនាញពេទ្យសត្វចុះទៅព្យាបាល តាមដានជាប្រចាំហើយ ហើយរកមូលហេតុនៃការឆ្លងនេះឲ្យឃើញខ្លាចវាឆ្លងបន្តទៀត។ ប្រជាពលរដ្ឋលើកឡើងថា គោ ក្របី ខ្លះទើបជាល្មមៗ មិនទាន់សះស្បើយ នាំគ្នាព្រលែងទៅវាលវិញ ហើយបើមានភ្លៀងធ្លាក់ មកអាចវាលាប់ឈឺងាប់ រាលដាលបន្តជាក់ជាមិនខាន។
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោក យិន សុភាព មន្ត្រីពេទ្យសត្វឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង បានលើកឡើងថា គោ ក្របី ដែលឈឺកន្លងមក បានព្យាបាលជាសះស្បើយហើយ ហើយព្រឹកនេះ លោកប្រធានការិយាល័យបសុពេទ្យ ប៉ែន ចន្ធី ចុះមកតាមដានចែកថ្នាំជូនអ្នកស្រុក ដើម្បីបាញ់សម្លាប់មេរោគដល់ពលរដ្ឋជាង១០០គ្រួសារ ដែលបានចិញ្ចឹមគោ ក្របីជាង១ពាន់ក្បាល។
លោកបន្តថា មូលហេតុឈឺ តៗគ្នាដោយសារអ្នកភូមិបានដឹកគោ ងាប់ពីវាលមកផ្ទះ ខ្លះវះសាច់ លក់ ធ្វើងៀតគោជាដើម បណ្តាលឲ្យគោ ក្របី ឈឺងាប់ ហើយឥឡូវពេលជាសះស្បើយ ក្នុងចំណោម គោ ក្របី ឈឺជិត១០០ក្បាល ពួកគាត់បានលែងទៅវាលជាង ៣០ភាគរយហើយ ហើយការលែងនេះ ទើបមានការបារម្ភខ្លាចឆ្លងជម្ងឺទៅឃុំផ្សេង។
ប្រជាពលរដ្ឋនៅតំបន់នោះ តែងតែប្រលែងគោក្របីនោះនៅវាល (លោកតា ក្រហម ករ) ដែលមានគោ ក្របី រាប់ពាន់ក្បាលចម្រុះគ្នាដោយគោ ក្របី ខ្លះ មកពីឃុំសំរោង ខ្លះមកពីឃុំច្រេស ខ្លះឃុំទួលស្តី ជាដើម ហើយឃើញការព្រលែងបែបនេះមន្ត្រីជំនាញ ក៏សុំអំពាវនាវដល់ពលរដ្ឋកុំលែងតទៅទៀត គឺទុកឲ្យជាដាច់សិន។
សូមបញ្ជាក់ថា ការផ្ទះជម្ងឺសារទឹកនេះ បានកើតឡើងតាំពីដើម ខែសីហាមកម្ល៉េះ ដោយបានសម្លាប់គោ ក្របី២២ក្បាល ហើយវាឈឺជាង៨០ក្បាល នៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង តែប៉ុណ្ណោះ ហើយបើអ្នកស្រុកបណ្តោយឲ្យ គោ ក្របី ងើបពីឈឺទៅចូលហ្វូង គោ ក្របី មកពីឃុំសំរោងឃុំច្រេស និងឃុំទួលស្តី ក្នុងស្រុកចន្រ្ទាដោយសេរីនោះ ដែលមានគោ ក្របី រាប់ពាន់ក្បាល ដោយមិនបានចាក់វ៉ាក់សាំង វា នឹងឆ្លងឈឺថែមទៀតជាមិនខាន ហើយឃើញបែបនេះ ទើបអ្នកស្រុកសុំឲ្យពេទ្យសត្វ ជួយទៅចាក់វ៉ាក់សាំងការពារឲ្យសត្វទាំងនោះផង៕