(ព្រះសីហនុ)៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអំពើចោរកម្ម (លួចម៉ូតូ) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1I-9447 ដែលជនរងគ្រោះចតទុកនៅលើផ្លូវ ហើយជនសង្ស័យបានលួចជិះគេចខ្លួនបាត់។
បន្ទាប់ពីទទួលបាន បណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋានស្រុកព្រៃនប់ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧៖៣០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ និងបន្តស្រាវជ្រាវតាមឃាត់ខ្លួនបានជនសង្ស័យដែលជាបក្ខពួកបានចំនួន៣នាក់បន្ថែមទៀត នៅវេលាម៉ោង២១៖៣០នាទីថ្ងៃដដែល នៅចំណុចភូមិអាចម៍មឹក ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានបង្ហាញថា ជនរងគ្រោះឈ្មោះ នាវ សូថា អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅ ភូមិត្រពាំងស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សម្ភារបាត់បង់៖ ម៉ូតូ១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1I-9447។
ជនសង្ស័យទាំង៤នាក់៖
*ទី១៖ ឈ្មោះ សុះ សាក់រ៉នី ហៅ វីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអូរចំណារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
*ទី២៖ ឈ្មោះ ម៉ៅ ចាន់បូរ៉ា ហៅ យ៉ត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
*ទី៣៖ ឈ្មោះ ប្រាក់ ទ្រី ហៅ ពេជ្រតូច ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ
*ទី៤៖ ឈ្មោះ សី សុភា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
វត្ថុតាងចាប់យកបាន៖
*ម៉ូតូ១គ្រឿង ម៉ាក លែត ពណ៌ស គា្មនផ្លាកលេខ (ផលនៃអំពើចោរកម្ម)
*ឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួន។
បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបានសារភាពថា ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1I-9447 ដែលពួកវាលួចកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ពួកវាបានយកទៅលក់នៅខេត្តកំពង់ស្ពឺបាត់ហើយ។
ករណីនេះកម្លាំងកំពុងបន្តតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត៕