(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរក្រុងសិរីសោភ័ណ យុវជនកាកបាទក្រហមយុវជនកាយរឹទ្ធ កងកម្លាំងទាំង៣ ប្រភេទប្រជាពលរដ្ឋ ដាំកូនឈើក្ងោកចំនួន៧០០ដើម នៅអាងម្កាក់ ស្ថិតនៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។
ការដាំកូនឈើ បានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោកស្រីឧកញ៉ា ហេមចិត្តា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្ត។
តាមការបញ្ជាក់ពីលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ការដាំកូនឈើទាំងនេះ មិនមែនទើបតែលើកទី១នោះទេ គឺអាជ្ញាធរក្រុងនិងខេត្ត បានដាំជាបន្តបន្ទាប់ក្នុងន័យលើកកម្ពស់បរិស្ថានតាមរយៈការដាំកូនឈើបន្ថែម ដើម្បីម្លប់ក៏ដូចជាកាត់បន្ថយនូវបាតុភូតគ្រោះធម្មជាតិ ដែលតែងតែកើតមានជារៀងរាល់ដង ដូចជាខ្យល់កន្ត្រាក់ជាដើម។ មួយវិញទៀត ក៏បានផ្តល់ផលប្រយោជន៍ជាច្រើន ដូចជាកាលណាមានដើមឈើច្រើនវាជួយទាក់ទាញទឹកភ្លៀង កាត់បន្ថយគ្រោះរាំងស្ងួត និងទប់ស្កាត់គ្រោះទឹកជំនន់។
ទន្ទឹមនឹងនោះ ក្នុងនាមអាជ្ញាធរក្រុង លោក ហ៊ឹល រ៉ាយ៉ា ក៏បានធ្វើការអំពាវនាវដល់ព្រះសង្ឃ ពលរដ្ឋ សិស្សានុសិស្សប ន្តចូលរួមដាំកូនឈើឲ្យបានច្រើន ដើម្បីចូលរួមលើកកម្ពស់បរិស្ថាន ក៏ដូចជាកាត់បន្ថយបាតុភូតធម្មជាតិ ដែលតែងតែកើតមានជារៀងរាល់ឆ្នាំ៕