(កូរ៉េ)៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការីបានទទួលស្វាគមន៍ និងធ្វើបទបង្ហាញពីសក្ដានុពលសេដ្ឋកិច្ច លក្ខខណ្ឌអំណោយផល និងឱកាសវិនិយោគនៅកម្ពុជា ជូនប្រតិភូក្រុមហ៊ុន People &Person ដឹកនាំដោយលោក Lee Jinho ប្រធានក្រុមហ៊ុន ដែលបាននិងកំពុងមមាញឹកផលិត ម៉ាស៊ីនប្ដូរសម្ពាធខ្យល់, ម៉ាស៊ីនបន្សុទ្ធខ្យល់ និងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀត បានត្រៀមខ្លួនលើករោងចក្ររបស់ខ្លួនទៅតាំងនៅប្រទេសកម្ពុជា ហើយនឹងត្រៀមធ្វើការស្រាវជ្រាវផលិតបរិក្ខា ពេទ្យថ្មីៗ បន្ថែមទៀតដើម្បីជាការប្រកួតប្រជែងជាមួយនឹងផលិតផលពីបណ្តាប្រទេសនៅអឺរ៉ុប។
ស្ថានទូតខ្មែរបានបញ្ជាក់ថា ការអូសទាញវិនិយោគិន មកបណ្ដាក់ទុននៅកម្ពុជានេះ គឺមិនគ្រាន់តែជាឱកាសក្នុងការផ្ដល់ការងារដល់ប្រជាពលរដ្ឋខ្មែរទេ ប៉ុន្តែជាការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ ដល់ប្រជាជននៃប្រទេសយើងផងដែរ។
ក្រុមហ៊ុនក៏នឹងត្រៀមចេញទៅប្រទេសកម្ពុជាដើម្បីសិក្សាឱ្យស៊ីជម្រៅបន្ថែមទៀត ដោយស្ថានទូតនឹងរៀបចំឲ្យស្ថាប័នជាតិពាក់ព័ន្ធផ្ដល់នូវកិច្ចសហការផ្សេងៗ៕