(បន្ទាយមានជ័យ)៖ ដើម្បឆ្លើយតាមការសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានពីផលលំបាក ក្នុងការធ្វើដំណើរ លោក លី សារី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ ចុះជួយស្រុកមង្គលបូរី លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី រួមទាំងក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើល ផ្លូវលំ១ខ្សែ ប្រវែងប្រមាណជាង៣០គីឡូម៉ែត្រ ពីភូមិចំណោមកើត ឃុំចំណោម ស្រុកមង្គលបូរី ឆ្ពោះទៅឃុំគត់សត ស្រុកអូរជ្រៅ និងឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។
ក្នុងការចុះពិនិត្យនោះ លោក លី សារី អភិបាលរងខេត្ត បានលើកឡើងថា ដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ លោករួមទាំងក្រុមការងារបានចុះពិនិត្យមើលផ្លូវ ដើម្បីធ្វើកាជួសជុលឡើងវិញនាពេលឆាប់ៗនេះ ក៏ដូចជាឆ្លើយតបតាមសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំខាងលើ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា តាមរយៈផ្លូវមួយនេះ គឺជាគម្រោងកញ្ចប់ថវិការរបស់ខេត្ត ដោយក្រាលកៅស៊ូ BBST និងម៉ៅការសាងសង់ ដោយក្រុមហ៊ុន លោកឧកញ៉ា ទុយ គី។ ម៉្យាងវិញទៀតផ្លូវមួយខ្សែនេះ វាមានសារៈសំខាន់ណាស់សម្រាប់ បងប្អូនធ្វើដំណើរឆ្លងកាត់ ប្រកបរបរកស៊ី ក៏ដូចជាដឹកជញ្ជូនភោគផល ដំណាំកសិកម្មផ្សេងៗ។
លោកថា ជាក់ស្តែងក្នុងពេលវដូវវស្សា គឺវាពិបាកក្នុងការធ្វើដំណើរទៅមក តែពេលនេះ បងប្អូនប្រជាពលរដ្ឋលែងមានការព្រួយបារម្ភទៀតហើយ ព្រោះយើងធ្វើការជួសជុល ដែលដំណើរការនៃការស្ថាបនាជាបណ្តើរៗហើយ ពីភូមិចំណោមកើត ទៅភូមិសាយសាម៉ន ឃុំចំណោម ចំនួន១២គីឡូម៉ែត្រ។
ទន្ទឹមគ្នានោះ លោក លី សារី បានបន្ថែមទៀតថា ជានិច្ចកាលនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន តែងតែចុះមូលដ្ឋានជាប្រចាំ ដើម្បីដឹងពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ មិនថាទីណា ឬកន្លែងណាឡើយ គឺលោកតែងតែជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាក ដោយមិនទុកឲ្យបងប្អូនណាម្នាក់ រងទុក្ខវេទនានោះឡើយ៕