(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ថា ក្នុងរបត់នយោបាយជាបន្តបន្ទាប់មកនេះ បញ្ហាព្រំដែនតែងត្រូវបានអ្នកនយោបាយប្រឆាំងយកមកធ្វើអាជីវកម្មនយោបាយ ផ្សព្វផ្សាយរឿងប្រឌិត ដើម្បីកេងចំណេញនយោបាយ ដែលនាំឱ្យបញ្ហាព្រំដែនក្លាយទៅជាបញ្ហារើសអើងពូជសាសន៍ និងឈានទៅរកសង្គ្រាមផងដែរ។
កាបញ្ជាក់បែបនេះរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្រោយក្រុមអ្នកនយោបាយជ្រុលនិយមមួយក្តាប់តូច បានបំផុសញុះញង់ឱ្យប្រជាពលរដ្ឋប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីបាន ចុះកិច្ចព្រមព្រៀងទទួលស្គាល់ការបោះបង្គោលព្រំដែនរវាងកម្ពុជា- វៀតណាម ដែលសម្រេចបាន ៨៤ភាគរយ និងរៀបចំប្រគល់- ទទួលផែនទី ឋានលេខាព្រំដែនគោក ខ្នាត១/២៥០០០ មកប្រើប្រាស់ ដូចគ្នាជាមួយភាគីវៀតណាម។
រដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយឡែកនៅកម្ពុជាក៏មិនខុសគ្នាប៉ុន្មានដែរ ក្នុងរបត់នយោបាយជាបន្តបន្ទាប់ បញ្ហាព្រំដែនតែងត្រូវបានអ្នកនយោបាយប្រឆាំងយកមកធ្វើអាជីវកម្មនយោបាយ ផ្សព្វផ្សាយរឿងប្រឌិត ដើម្បីកេងចំណេញនយោបាយ ដែលនាំឱ្យបញ្ហាព្រំដែនក្លាយទៅជាបញ្ហារើសអើងពូជសាសន៍ និងឈានទៅរកសង្គ្រាមផងដែរ»។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក៏បានហៅសកម្មរបស់ក្រុមប្រឆាំងយកបញ្ហាព្រំដែនមកធ្វើជាឈ្នាន់នយោបាយនេះ គឺមានគោលដៅប្រជាភិថុតិយ៉ាងច្បាស់លាស់ ហើយមិនមានការបកស្រាយ និងទប់ស្កាត់នោះទេ គឺជាហានិភ័យមួយដែលអាចនាំឱ្យមានសង្គ្រាមផងក៏ថា ដែលនឹងបង្កវិនាសសកម្មដល់ប្រទេសជាតិ និងប្រជាជន។ បើទោះបីជាយ៉ាងនេះក្តីរាជរដ្ឋាភិបាលមិនរាថយក្រោយទេ ក្នុងការកសាងព្រំដែនមួយ ដែលមានភាពត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសស្របតាមច្បាប់ជាតិ គាំទ្រដោយច្បាប់អន្តរជាតិ និងរក្សាបាននូវអធិបតេយ្យជាតិ។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសជិតខាងនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានអញ្ជើញទៅបំភ្លឺ និងបកស្រាយនៅរដ្ឋសភាជាតិយ៉ាងច្បាស់លាស់រួចមកហើយ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ និងថ្លែងការណ៍ អធិប្បាយបំភ្លឺជូនជនរួមជាតិ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥ជាដើម។ សម្តេចតេជោ ហ៊ុន សែន បានបកស្រាយយ៉ាងច្បាស់លាស់អំពីបច្ចេកទេសដែលប្រើអំពីទិដ្ឋភាពច្បាប់ ប្រវត្តិសាស្ត្រ និងការការពារអធិបតេយ្យភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្កើតខ្សែបន្ទាត់ព្រំដែនមួយ ដែលជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។
ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា បញ្ហាព្រំដែន ជាបញ្ហាអធិបតេយ្យជាតិ ជាអាយុជីវិតរបស់ជាតិ ដែលតម្រូវឱ្យយើងទាំងអស់គ្នាធ្វើការងារនេះឱ្យបានហ្មត់ចត់ជាទីបំផុត និងអាចទទួលយកបានចំពោះគ្រប់មជ្ឈដ្ឋាន។ ប៉ុន្តែដោយសារបញ្ហានេះសំខាន់ ទើបចេះតែមានការយកបញ្ហានេះធ្វើជាឈ្នាន់នយោបាយបង្កឱ្យមានវិនាសកម្មជាបន្តបន្ទាប់ ជាក់ស្តែងមានការសិក្សាខ្លះបង្ហាញថា គ្រាន់តែក្នុងរយៈពេលជាង២០០ឆ្នាំមកនេះ មានសង្គ្រាមប្រមាណជាង៨០០ករណី នៅលើពិភពលោក បានកើតឡើងដោយសារតែបញ្ហាព្រំដែន។ ដូច្នេះ បញ្ហានេះមិនមែនសាមញ្ញទេពេកទេ ហើយម៏មិនមែនជាបញ្ហាដែលយើងចេះតែយកទៅដើរនិយាយដោយគ្មានមូលហេតុ គ្មានលិខិតបទដ្ឋានគតិយុត្តនោះឡើយ។
បើតាមសម្តេចពិជ័យសេនា បានបន្ថែមឱ្យដឹងថា ព្រំដែនសម័យទំនើប គឺត្រូវបានកំណត់ ប៉ុន្តែជាខ្សែព្រំដែនទូទៅប៉ុណ្ណោះ ហើយបង្គោលព្រំដែនជាក់ស្តែង គឺពុំទាន់បានបោះក្នុងចំនួនច្រើនដូចពេលនេះឡើយ។ ផែនទីបច្ចុប្បន្ននេះ ជាផែនទីទំនើបសម័យឌីជីថល «៤.០» បង្គោលនីមួយៗមានភ្ជាប់ឈីប ដែលបង្ហាញពីទីតាំងភូមិសាស្ត្រ បង្ហាញច្បាស់លាស់នូវខ្សែព្រំដែន បង្គោលព្រំដែន រួមនឹងស្ថានភាពភូមិសាស្ត្រលើដីជាក់ស្តែងយ៉ាងជាក់លាក់ ដែលងាយស្រួលក្នុងការប្រើប្រាស់ ក្នុងពេលដែលផែនទីបោនខ្នាត ១/១០០ ០០០ គឺមានត្រឹមតែខ្សែបន្ទាត់ព្រំដែនទូទៅប៉ុណ្ណោះ។
នៅចំពោះមុខមន្ត្រីជំនាញមកពីគ្រប់ស្ថាប័ន សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអះអាងថា ការកំណត់ព្រំដែនបានច្បាស់លាស់ ស្របតាមលក្ខណៈបច្ចេកទេស រក្សាបាននូវអធិបតេយ្យភាព និងមានការសហការពីភាគីពាក់ព័ន្ធ និងប្រទេសជិតខាង គឺមានសារសំខាន់ណាស់ ក្នុងការកសាងព្រំដែនមួយ ដែលជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលទាំងនេះជាគ្រឹះសម្រាប់នាំឱ្យប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍន៍នៅតាមបន្ទាត់ព្រំដែន។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ថ្មីៗនេះ អ្នកនយោបាយប្រឆាំង និងមជ្ឈដ្ឋានអគតិមួយចំនួន នៅតែបន្តធ្វើជាមិនដឹងមិនយល់ដដែល និងបានលើកយកបញ្ហាព្រំដែនមកធ្វើជាអាជីវកម្មជាថ្មីម្តងហើយម្តងទៀត ពួកគេបន្តឃោសនាបំផុសបំផុល បំភ្លៃបំភ្លើស និងការឡៃការពិតនៃសភាពការណ៍ទាក់ទងនឹងបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម ប្រកបដោយឧបាយកលទុច្ចរិត ឥតអៀនខ្មាស់ ក្នុងគោលដៅបង្កើតឱ្យមានការភាន់ច្រឡំ និងការយល់ដឹងមិនត្រឹមត្រូវលើបញ្ហាព្រំដែននេះ ហើយបោកបញ្ឆោតធ្វើអាជីវកម្មលើទឹកចិត្តអ្នកស្នេហាជាតិពិតប្រាកដរបស់ប្រជាជនខ្មែរ ដើម្បីកេងចំណេញនយោបាយ ដោយមិនខ្វាយខ្វល់ និងគ្មានការទទួលខុសត្រូវចំពោះជោគវាសនា និងផលប្រយោជន៍របស់ជាតិឡើយ៕