(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយទទួលបានការណែនាំពី លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ បានដឹកនាំសមត្ថកិច្ចជំនាញ ការិយាល័យបង្ការពន្លត់អគ្គីភ័យ ដោយបានសហការជាមួយ កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ចុះធ្វើការត្រួតពិនិត្យទីតាំងបញ្ចូលហ្គាសចំនួន ២ទីតាំង នៅក្បែរផ្សារកណ្តាល។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យមន្ត្រីនគរបាលជំនាញការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការចុះត្រួតពិនិត្យមើលទីតាំងបញ្ចូលហ្គាស ក៏ដូចជាទីតាំងស្តុបហ្គាសទាំងអស់គ្រប់កន្លែង ក៏ដូចជាតាមបណ្តាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីធានាបាននូវសុខសុវត្ថិភាព។

ជាក់ស្ដែងនៅពេលដែរ កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងបញ្ចូលហ្គាស ក្បែរផ្សារកណ្តាល ដោយពិនិត្យឃើញថា ទីតាំងដែលប្រកបអាជីវកម្មលក់បញ្ចូលហ្គាសចំនួន ២ទីតាំងខាងលើនេះ គឺគ្មានលិខិតអនុញ្ញាតប្រកបអាជីវកម្មឡើយ ហើយមន្ត្រីជំនាញបានត្រួតពិនិត្យ និងធ្វើកំណត់ហេតុផងដែរ។

សូមរំលឹកផងដែរថា កាលពីខែកក្កដា ឆ្នាំ២០២០នេះ មានហេតុការណ៍គ្រោះអគ្គិភ័យមួយបានកើតឡើង នៅចំណុចទីតាំងលក់ហ្គាស មួយកន្លែង បណ្ដាលឲ្យស្លាប់មនុស្ស៤នាក់ រងរបួសមនុស្ស ៥នាក់ក្រោយពីមានហេតុការណ៍នេះរួចមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរខណ្ឌ មន្ទីរជំនាញត្រូវលុបបំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យឲ្យអស់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានកន្លែងលក់ហ្គាស និងបញ្ជូលហ្គាសជាច្រើន ហើយកន្លែងខ្លះគ្មានស្តង់ដារបច្ចេកទេស ប្រើប្រាស់ធុងហ្គាសចាស់ៗ គ្មានគុណភាព ឬធុងស្តើង ដែលងាយបង្កហានិភ័យគ្រោះថ្នាក់ទំាងអ្នកបញ្ជូល និងអ្នកប្រើប្រាស់។ លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ក្រុមអាជីវករលក់ហ្គាសទំាងអស់ ត្រូវបញ្ឈប់ការទិញធុងហ្គាសចាស់ៗ ពីប្រទេសដ៏ទៃ ហើយយកមកបាញ់ថ្នំាដើម្បីប្រើប្រាស់បន្ត ដែលនេះជាហានិភ័យគ្រោះថ្នាក់ខ្ពស់ អាចបង្កអោយផ្ទុះធុងហ្គាស និងអគ្គិភ័យឆាបឆេះផ្ទះសម្បែងជាដើម៕