(ស្ទឹងត្រែង)៖ នៅក្នុងកិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពការងាររដ្ឋបាលខេត្តស្ទឹងត្រែង ប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាលខេត្ត បានណែនាំដល់មន្ទីរសុខាភិបាល ឱ្យរៀបចំបាញ់ថ្នាំសម្លាប់មេរោគនៅតាមសាលារៀន មុនពេលសិក្សានុសិស្សចូលរៀនឡើងវិញនៅថ្ងៃទី៧ ខែកញ្ញា និងឱ្យមានការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីសាធារណៈដើម្បីបង្កាការពារឆ្លងនៃជំងឺ COVID-19។
នៅក្នុងកិច្ចប្រជុំនោះផងដែរអភិបាលខេត្ត បានក្រើនរំលឹកដល់សមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថ ត្រូវរៀបចំរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នាឱកាសបុណ្យ កាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខ។
ទន្ទឹមនិងនោះ លោក ម៉ុម សារឿន បានកោតសរសើរចំពោះចំណូល ដែលមិនមានការធ្លាក់ចុះទេ គឺមានតែការកើនឡើងទ្វេរដងទោះយើងជួបវិបត្តិ Covid19។
លោកបន្តថា អ្វីដែលសំខាន់នៅក្នុងកាលៈទេសៈ Covid19 យើងត្រូវផ្តោតសំខាន់ទៅលើវិស័យកសិកម្មជាចម្បង ដោយជំរុញឱ្យកសិករដាំដំណាំកសិកម្ម និងដំណាំកសិឧស្សាហកម្ម ដែលជាស្នូល នៃ ខឿនសេដ្ឋកិច្ច ព្រោះបច្ចុប្បន្ន ការដាំស្វាយចន្ទី ស្វាយកែវម្លៀត កំពុងតែមានទីផ្សារនៅខេត្តស្ទឹងត្រែង គឺទីផ្សារនាំចេញទីលក់នៅបរទេស។
លោកថា «អ្វីដែលមន្ទីរកសិកម្ម ត្រូវមានការសហការជាមួយ អង្គការដៃគូនានា ឬអ្នកវិនិយោគលើវិស័យកសិកម្ម ដើម្បីជំរុញការដាំ និងបច្ចេកទេសដល់កសិករ ឱ្យមានជំនាញច្បាស់លាស់ ទៅលើដំណាំស្វាយចន្ទីរ ស្វាយ កែវម្លៀត កៅស៊ូ ដែលជាកក្តាស្នូលក្នុងនាំចេញ ទៅលក់នៅផ្សារបរទេស ដែលកសិកម្មជា វិស័យមួយដ៏សំខាន់នៅខេត្តស្ទឹងត្រែង ដើម្បីទប់ទល់វិបត្តិនៃជំងឺ Covid19។ ដោយឡែកវិស័យទេស កើនឡើងគួរឱ្យគត់សំគាល់ដែលមានភ្ញៀវទេសចរចូលមកទស្សនាកំសាន្តស្នាក់នៅខេត្តស្ទឹងត្រែង មានការកើនឡើងទ្វេរដង បើធៀបខែសីហា ឆ្នាំ២០១៩ គឺកើនឡើង ៥៧,៦០ភាគរយ ដោយសារការខិតខំប្រឹងប្រែង អភិវឌ្ឍន៍កាន់តែមានភាពរីកចំរើន កែសម្អសោភ័ណ្ឌភាពទីក្រុង និងជនបទកាន់តែល្អប្រសើរធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរមក កំសាន្តសប្បាយ៕