(កំពង់ឆ្នាំង)៖ យោងតាមសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលរងផលប៉ះពាល់ដល់សុខភាព ក្នុងការរស់នៅរបស់ពួកគាត់នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ក្រុមអ្នកយកព័ត៌មានបានចុះទៅដល់ទីតាំងក្រុមហ៊ុនដឹកសំរាមឯកជនមួយ ដោយពិនិត្យឃើញនៅក្នុងទីលានចាក់សំរាមមានផ្ទៃដីប្រមាណ១ហិកតា នៅក្នុងភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ជាប់ព្រំប្រទល់ភូមិស្ពានដែក ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ បាននិងកំពុងតែចាក់ និងដុតសំរាមកាកសំណល់ចេញពីរោងចក្រ ធ្វើឲ្យផ្សែងក្លិនក្រណាត់ក្លិនផ្លាស្ទិចហ៊ុយប៉ះពាល់ដល់សុខភាព និងប៉ះពាល់ដល់បរិស្ថានក្នុងការរស់នៅ ដោយពួកគាត់ជាប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរ ពិសសមន្ទីរបរិស្ថានខេត្ត មេត្តាជួយចាត់វិធានការទប់ស្កាត់តាមផ្លូវច្បាប់ជាបន្ទាន់ផង។
ទាក់ទងនិងបញ្ហានេះលោកស្រី គឹម ចិន្តា ជាអ្នកគ្រប់គ្រងទីលានចាក់សំរាម (កូនម្ចាស់ក្រុមហ៊ុនដឹកសំរាមឈ្មោះ គឹម វណ្ណា) បានប្រាប់ថា ក្រុមហ៊ុនឪពុកលោកស្រី បានទទួលដឹកសំរាមមកពីរោងចក្រ នានា ដោយយកមកចាក់ក្នុងទីលាននេះ។ ហើយសំរាមទាំងនេះបានបែកចែកដូចជាចំនៀរក្រណាត់មួយចំនួនទុកលក់ចេញ ដែលគេយកកែច្នៃក្រងជាក្រណាត់ ជូតជើងក្រងជាអង្រឹង ចំណែកសំបកដបទឹកសុទ្ធ កំប៉ុងប៊ីយែប្រមូលលក់ឲ្យអេតចាយ។
ដោយឡែកកន្លងមកមន្ត្រីបរិស្ថានក៏បានចុះមកណែនាំផងដែរ ឲ្យជីករណ្តៅកប់សំរាម ប៉ុន្តែនៅពេលនេះជាខែភ្លៀង មិនអាចជីករណ្តៅបានទេ ដូច្នេះក៏មានការដុតសំរាមខ្លះៗហើយ តែបើខែប្រាំងវិញ គឺបានជីកប់មិនឲ្យប៉ះពាល់ឡើយ។
ចំណែកលោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ នៅល្ងាចថ្ងៃទី២ ខែសីហា បានបញ្ជាក់ថា បញ្ហានេះជំនាញបរិស្ថានជាអ្នកចេញអាជ្ញាប័ណ្ណឲ្យគេ អាជ្ញាធរមិនអាចបកស្រាយជំនួសមន្ទីរ ជំនាញបានឡើយចំណែកផលប៉ះពាល់គឺពិតជាមាន។ ប៉ុន្តែកន្លងមកប្រជាពលរដ្ឋ បានប្តឹងតែអ្នកកាសែតទេពួកគាត់មិនដែលបានប្តឹងមកអាជ្ញាធរស្រុកឡើយ ព្រោះគាត់យល់ថា ពេលកាសែតផ្សព្វផ្សាយទៅការដោះស្រាយពិតជាបានលឿនជាងអាជ្ញាធរស្រុក។
ទាក់ទងនិងរឿងនេះនៅម៉ោង ៥៖០៥នាទីល្ងាចថ្ងៃទី២ ខែសីហា លោក យ៉ង់ ភារម្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ករណីនេះមន្ទីរបរិស្ថានលោកមិនបានដឹងឡើយ ហើយរឿងនេះនៅព្រឹកថ្ងៃទី៣ ខែកញ្ញា លោកនឹងចាត់បញ្ជូនក្រុមការងាររបស់លោកចុះទៅត្រួតពិនិត្យមើលជាក់ស្តែងនៅទីតាំងចាក់សំរាមខាងលើនេះដើម្បីចាត់វិធានការចពោះករណីនេះ៕