(ស្វាយរៀង)៖ តំបន់ទេសចរណ៍ក្នុងខេត្តស្វាយរៀង ពុំសូវសម្បូរដូចខេត្តដទៃឡើយ តែប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តនេះ កំពុងតែមានការចាប់អារម្មណ៍ខ្លាំងជាមួយ នឹងតំបន់ទេសចរណ៍ចំនួន៥កន្លែង ដោយអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍតំបន់ទាំង៤នេះ ឲ្យក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ ប្រកបដោយភាពទាក់ទាញដល់ភ្ញៀវជាតិនិងអន្តរជាតិផងដែរ។
បើតាមមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា ខេត្តស្វាយរៀង មានតំបន់ទេសចរណ៍ចំនួន៥កន្លែង ដែលប្រជាពលរដ្ឋបានទៅដើរលេងកំសាន្ត និងមានការចាប់ អារម្មណ៍ខ្លាំងនោះមាន៖
* ទី១៖ រមណីយដ្ឋានប្រាសាទព្រៃបាសាក់៖ ព្រៃបាសាក់ ឬព្រៃប្រាសាទ មានទីតាំងស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមានចម្ងាយ ៨.៥គីឡូម៉ែត្រ ពីទីរួមខេត្តស្វាយរៀង។ ភ្ញៀវទេសចរអាចធ្វើដំណើរដោយរថយន្តតាមផ្លូវបេតុង ប៉ុន្តែនៅរដូវវស្សាក៏អាចធ្វើដំណើរតាមផ្លូវទឹកនៃដងទន្លេវ៉ៃគោ ក្នុងចម្ងាយ ត្រឹមតែ៥គីឡូម៉ែត្រប៉ុណ្ណោះ។ ព្រៃបាសាក់មានផ្ទៃដីសរុប ៩ហិកតា ២៤អា និង៩៨សង់ទីអា មានព្រំប្រទល់ខាងជើង និងខាងកើតជាប់នឹងទន្លេវ៉ៃគោ ខាងត្បូង និងខាង លិចជាប់នឹងភូមិអ្នកស្រុក។
នៅចំកណ្ដាលព្រៃបាសាក់មានប្រសាទចំនួនពីរ គឺទួលប្រសាទ និងទួលគក់សំពៅ ទួលទាំងពីរនេះឃ្លាតគ្នាប្រវែងប្រមាណ១០០ម៉ែត្រតែប៉ុណ្ណោះ ចំណែកឯទួលប្រសាទ គឺមានសេសសល់ «ទួលប្រាងប្រាសាទ» មួយចំហៀងមានកម្ពស់ ២ម៉ែត្រ បណ្ដោយ៥ម៉ែត្រ សង់ឡើងពីឥដ្ឋធំៗ។ ប្រាង្គប្រសាទនេះសាងឡើងប្រហែលសតវត្សទី៦ រចនាបទសំបូរព្រៃគុហ៍មកម្លេះ ហើយលើទួលប្រាសាទនេះដែរសុទ្ធសឹងជាគ្រឹះថ្ម ដែលបានតម្រៀបជាថ្នាក់ៗ ជាប្រភេទថ្មបាយក្រៀម និងដុំឥដ្ឋធំៗ។ ចំណែកទួកគក់សំពៅ មានសណ្ឋានដូចជា សំពៅវែងប្រវែងប្រមាន ២៥ម៉ែត្រ កម្ពស់ ៤ម៉ែត្រ ចំណែកឯជាយសងខាងនៃទួលមានតម្រៀបដោយថ្មបាយក្រៀម និងដុំឥដ្ឋជាថ្នាក់ៗផងដែរ។
* ទី២៖ ប្រាសាទជីហោ៖ ប្រសាទជីហោ គឺជាប្រាសាទមួយដែលមានវ័យចំណាស់ជាងគេក្នុងខេត្តស្វាយរៀង ស្ថិតនៅតំបន់ឦសាននៃទីរួមខេត្តស្វាយរៀង ចម្ងាយប្រមាណ ៥៨គីឡូម៉ែត្រ។ ប្រាសាទនេះ កសាងឡើងក្នុងកំឡុងសតវត្សទី៦ (លំនាំរចនាបទសំបូរព្រៃគុហ៍) សង់នៅលើទីទួលមួយកន្លែងមានកម្ពស់ ៣ម៉ែត្រ ទំហំ ៥០ម៉ែត្រ បួនជ្រុង ប្របតាមមាត់ទន្លេជាប់ព្រំប្រទល់ដែន កម្ពុជា-វៀតណាម ។ រីឯតួប្រាសាទធ្វើអំពីឥដ្ឋ និងថ្មបាយក្រៀមពីទិសខាងកើត ក្រៅពីនេះមានសុទ្ធតែទ្វារបង្អួចបញ្ឆោត បិទជាប់ជញ្ជាំង។ ចំពោះទ្វារ មេបង្អួចក្បាច់ផ្ងា និងក្បាច់ផ្សេងៗទៀតធ្វើអំពីដីដុតទាំងអស់។
* ទី៣៖ រមណីយដ្ឋានធម្មជាតិព្រៃគគីរ៖ ព្រៃគគីរ គឺជារមនីយដ្ឋានធម្មជាតិដែលសម្បូរទៅដោយដើមគគីរជាច្រើនដើមដុះព័ទ្ធជុំវិញ មានទីតាំងស្ថិតនៅក្នុងបរិវេណ សហគមន៍ ព្រៃឈើចម្ការកូនគគីរ ក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង និងចម្ងាយ ៣២គីឡូម៉េត្រពីទីរួមខេត្តស្វាយរៀង។ ភ្ញៀវទេសចរអាចធ្វើដំណើរ ទៅទីនោះបានដោយចំណាយពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ។ នៅទីនោះមានស្រះទឹកធំមួយនៅចំកណ្ដាលព្រៃ មានរុក្ខជាតិតូចធំដុះពេញព្រៃមានដូចជា ដើមគគីរ ដើមស្មាច់ និងមានការរៀបចំសង់ជាស្ពានសម្រាប់ដើរទស្សនាព្រៃអាកាសស្យា និងសួនផ្កាចម្រុះពណ៌លម្អយ៉ាងស្រស់បំព្រង ។
នៅរមណីដ្ឋានព្រៃគគីរក៏មានលក់អាហារ ដ៏មានរសជាតិឆ្ងាញ់តាមបែបធម្មជាតិ ដែលបានមកតាមរយៈការផ្គត់ផ្គង់ពីកសិករ មានបន្លែ ត្រី មាន់ និងទា ជាហេតុធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះ ទទួលបានប្រាក់ចំណូលតាមរយៈរមណីដ្ឋាននេះដែរ។
* ទី៤៖ រមណីដ្ឋានធម្មជាតិទឹកវិល៖ ទឹកវិល គឺជារមណីយដ្ឋានធម្មជាតិស្ថិតនៅក្នុងភូមិទឹកវិល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង មានចម្ងាយប្រមាណ ៤២គីឡូ ម៉ែត្រ ពីទីរួមខេត្តស្វាយរៀង។ ទឹកវិលជាទំនប់កម្សាន្តបែបលក្ខណៈគ្រួសារ ដែលមានបឹងមួយដ៏ធំដែលអាចឲ្យភ្ញៀវអញ្ជើញមកជិះទូកលេង និងគយគន់មើលទេសភាព ដ៏ខៀវស្រងាត់ ជុំវិញបឹងនេះ និងមានខ្ចុះសម្រាប់ភ្លៀវសម្រាក់ពិសារអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់បែបធម្មជាតិ។ ពីមួយថ្ងៃទៅមួយថ្ងៃរមណីដ្ឋាននោះ ទទួលភ្ញៀវ ទេសចរណ៍ អញ្ជើញមកកម្សាន្តច្រើនគួរសម។
* ទី៥៖ ស្ពានព្រែកត្នោត គឺជារមណីយដ្ឋានបែបធម្មជាតិនិងកែច្នៃមួយដែលខណ្ឌព្រំប្រទល់គ្នាដោយព្រែកត្នោត និងតភ្ជាប់គ្នាដោយស្ពានត្នោត (ពីមុនស្ពានឈើ បច្ចុប្បន្ន ស្ពានដែកបេឡេ)។ ដោយភ្ញៀវទេសចរអាចធ្វើដំណើរចេញពីក្រុងស្វាយរៀងឆ្ពោះទៅទិសខាងលិច តាមផ្លូវជាតិលេខ១ គឺស្ថិតនៅខាងត្បូងសាកលវិទ្យាល័យស្វាយរៀង ចម្ងាយប្រមាណជាង ២គីឡូម៉ែត្រ ហើយទីតាំងនេះគឺស្ថិតនៅត្រើយខាងជើងក្នុងភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ឬអាចធ្វើដំណើរតាមផ្លូវលំលេខ ៣១៤B ខាងលិច ក្រុងស្វាយរៀងប្រហែល ៤គីឡូម៉ែត្រ ទីតាំងនេះគឺនៅត្រើយខាងត្បូង ស្ថិតក្នុងភូមិឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំដូចគ្នាផងដែរ។
រមណីយដ្ឋានស្ពានព្រែកត្នោត មានទេសភាពស្រស់បំព្រង មានខ្យល់អាកាសបរិសុទ្ធបែបស្រុកស្រែចម្ការ មានរុក្ខជាតិតូចធំនានា និងព្រៃឈើពិសេសដើម អាកាស្យា ដុះអមសងខាងផ្លូវមានពណ៌បៃតងខ្ចីផ្តល់ម្លប់យ៉ាងត្រជាក់ត្រឈឹងត្រឈៃ និងមានខ្ចុះជាច្រើនផុសអណ្តែតលើផ្ទៃទឹកលាយឡំនឹងឈូក ព្រលិត រំចង់ កញ្ឆែត កំពុងចេញផ្កា រីកស្គុះស្គាយ។
ខណៈភ្ញៀវទេសចរអាចសម្រាកលំហែកាយក្នុងខ្ចុះ និងអាចកុម្មង់អាហារ និងភេសជ្ជៈគ្រប់ប្រភេទយកមកពិសា បានតាមតម្រូវការភ្លាមៗផងដែរ។ លើសពីនេះទៀត ភ្ញៀវទេសចរអាចជិះទូកត្នោត ទូកក្តារបីសន្លឹកអុំកម្សាន្តលេង និងស្ទួចត្រីធម្មជាតិក្នុងព្រែកត្នោត ពិសេសគយគន់មើលព្រះសុរិយារៀបអស្តង្គត ព្រមទាំងអាចថតផ្តិត យករូបភាពស្អាតៗ ជាច្រើនទុកជាអនុស្សាវរីយ៍នៅទីនោះផងដែរ៕