(សៀមរាប)៖ ដើម្បីកែភាពអផ្សុករបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវក្នុងស្រុក និងដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ជាតិឱ្យមានភាពល្អប្រសើរឡើងវិញនោះ អាជ្ញាធរខេត្តសៀមរាបបាននិងកំពុងពិភាក្សាជាមួយដៃគូពាក់ព័ន្ធ ដើម្បីរៀបចំផែនការបង្កើតឱ្យមានព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តសប្បាយៗរៀងរាល់ថ្ងៃចុងសប្ដាហ៍ នៅតាមគោលដៅទេសចរណ៍នានាក្នុងខេត្តរបស់ខ្លួន។
ផែនការដ៏ពិសេសនេះត្រូវបានលើកឡើងដោយប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ក្នុងឱកាសដែលលោកបានចូលរួមធ្វើបទបង្ហាញក្នុងសន្និសីទសារព័ត៌មាន ស្ដីពីស្ថានភាពវិស័យទេសចរណ៍នាកំលុងពេលវិបត្តិជំងឺកូវីដ១៩ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងក្រោមការគាំទ្រពីក្រសួងទេសចរណ៍, រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តសៀមរាប បាននិងកំពុងស្វែងរកកិច្ចពិភាក្សាជាមួយមន្ទីរ អង្គភាព និងដៃគូពាក់ព័ន្ធ ដើម្បីរួមគ្នារៀបចំផែនការបង្កើតឱ្យមានព្រឹត្តិការណ៍ទេសចរណ៍នៅរៀងរាល់ថ្ងៃចុងសប្ដាហ៍ ឬអាចថានៅថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ។
លោកប្រធានមន្ទីរបានបន្តថា អាចរៀបចំផែនការនេះទៅបាន ទាល់តែមានកិច្ចសហការយ៉ាងជិតស្និទ្ធពីបណ្ដាមន្ទីរ អង្គភាព ដៃគូពាក់ព័ន្ធ ក៏ដូចជាផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ទាំងការចូលរួមជាស្មារតី សកម្មភាព និងធនធានហិរញ្ញវត្ថុផងដែរ។
លោក សេងកាក់ បានបង្ហើបថា ក្នុងការរៀបចំកម្មវិធីកម្សាន្តសប្បាយៗនេះ អាជ្ញាធរមិនត្រឹមតែរៀបចំនៅក្នុងក្រុងសៀមរាប និងតំបន់អង្គរប៉ុណ្ណោះទេ ថែមទាំងនឹងរៀបចំខ្សែកញ្ចប់ទស្សនកិច្ចទេសចរណ៍នៅតាមតំបន់ទេសចរណ៍ខាងក្រៅតំបន់អង្គរថែមទៀតផងដែរ ដូចជាភ្នំគូលែន បន្ទាយស្រី ចង្ក្រានរយ ព្រៃកោងកាង ភ្នំក្រោម តំបន់រលួសជាដើម ពោលគឺនៅក្នុងសុទ្ធតែស្ថិតនៅក្នុងតំបន់គោលដៅទេសចរណ៍ធំៗទាំងបួនក្នុងខេត្ត រួមមានតំបន់អង្គរ តំបន់ទីក្រុងសៀមរាប តំបន់បឹងទន្លេសាប និងគោលដៅជុំវិញតំបន់អង្គរ។
លោកថា «តាមរយៈផែនការរៀបចំនេះ ភ្ញៀវទេសចរអាចជិះកង់ផ្សងព្រេង ជិះកង់ឡើងភ្នំ បោះតង់ ជិះទូក ដើរមើលព្រៃកោងកាង ឬអាចចូលរួមក្នុងកម្មវិធីចម្អិនម្ហូបអាហារ និងកម្មវិធីសប្បាយៗជាច្រើនទៀត»។
លោកបានបន្តទៀតថា ការរៀបចំឱ្យមានខ្សែទស្សនកិច្ចទេសចរណ៍ប្រចាំថ្ងៃចុងសប្ដាហ៍នេះ នឹងជួយឱ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរផ្ទៃក្នុងមានឱកាសច្រើនក្នុងការដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍នានាក្នុងខេត្តសៀមរាប ហើយនឹងបង្កភាពភាពងាយស្រួយសម្រាប់ភ្ញៀវទេសចរជាលក្ខណគ្រួសារ និងមិត្តភក្តិជាក្រុមផងដែរ។
លោកបានបង្ហាញការរំពឹងទុកថា ផែនការរៀបចំកម្មវិធីទេសចរណ៍នេះនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន តាមរយៈការទទួលបានកម្រៃពីវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីជួបនូវផលប៉ះពាល់ដោយសារជំងឺកូវីដតាំងពីចុងឆ្នាំ២០១៩មក។
ប្រធានមន្ទីរទេសចរណ៍រូបនេះ ក៏មិនបានភ្លេចដែរអំពីការតាំងស្មារតីក្នុងការអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ខណៈពិភពលោក ក៏ដូចជាប្រទេសកម្ពុជាមិនទាន់រួចផុតពីវិបត្តិជំងឺកូវីដនៅឡើយទេ ដោយលោកបានបញ្ជាក់ថា «វាជាកិច្ចការចាំបាច់បំផុត»៕