(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំលើកទី២០ នៃ គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន។
កិច្ចប្រជុំនេះធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA),អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO), សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC), និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការវិនិយោគ និងធុរកិច្ចនៅកម្ពុជា សរុបប្រមាណ១៥០រូប។
កិច្ចប្រជុំទ្វេភាគីនេះជាកិច្ចប្រជុំលើកទី២០ ដែលត្រូវបានរៀបចំឡើងក្រោមក្របខណ្ឌ នៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ស៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧ ដោយកិច្ចប្រជុំទ្វេភាគីលើកទី១ បានរៀបចំឡើងនាឆ្នាំ២០០៩។
កិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃយន្តការថែទាំអ្នកវិនិយោគ ដែលបានផ្ដល់ឱកាសឱ្យអ្នកវិនិយោគជប៉ុន លើកឡើងដោយផ្ទាល់នូវបញ្ហាប្រឈម និងសំណូមពរជូនតំណាងរាជរដ្ឋាភិបាលពិនិត្យ និងរកដំណោះស្រាយ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។
កិច្ចប្រជុំលើកទី២០នេះ បានផ្តោតការពិភាក្សាលើចំណុចអាទិភាពមួយចំនួនរួមមាន៖ (១) តម្លៃអគ្គិសនី (២) កាតព្វកិច្ចសារពើពន្ធ (៣) បទប្បញ្ញត្តិពាក់ព័ន្ធនឹងការនាំចូលរថយន្ត (៤) វឌ្ឍនភាពនៃការត្រៀមបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ នៅក្រុងប៉ោយប៉ែត និង (៥) ការសម្រួលនីតិវិធីបញ្ចេញទំនិញពីគយ។
លោក សុខ ចិន្តាសោភា បានសម្តែងនូវការសោកស្តាយ ចំពោះការប្រកាសលាលែង ពីតំណែងរបស់នាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ កន្លងទៅដោយបញ្ហាសុខភាព តែលោកបានសម្តែងនូវសុទិដ្ឋិនិយមថា នាយករដ្ឋមន្រ្តីថ្មីនឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រឱ្យបានល្អប្រសើរមួយ កម្រិតថែមទៀត។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អ្នកវិនិយោគជប៉ុនដែលតែងតែជឿជាក់ មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាចាំបាច់ ដើម្បីបង្កើតបរិស្ថានវិនិយោគ ដែលមានភាពអំណោយផល។
បន្ថែមលើនេះ លោករដ្ឋមន្រ្តីប្រតិភូបានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពវិនិយោគរបស់អ្នកវិនិយោគជប៉ុនទាំងអស់ ជាពិសេសការ វិនិយោគក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស ស្របតាម គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធ ឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ ឱ្យបានត្រឹមឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនេះផងដែរ តាងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា លោក សុខ ចិន្តាសោភា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលកន្លងមកបានផ្ដល់ការឧបត្ថម្ភសម្ភារបរិក្ខារវេជ្ជសាស្ត្រដល់កម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីឌ-១៩។
ដោយទ្បែក លោកបានសម្តែងនូវក្តីសង្ឃឹមថា ក្រុមហ៊ុនអាកាសចរ ANA នឹងចាប់ផ្តើមការហោះហើរផ្ទាល់ រវាងប្រទេសជប៉ុន និងកម្ពុជាឡើងវិញនាពេលឆាប់ៗខាងមុខ ដែលនឹងជួយជំរុញឱ្យទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរមានការកើនឡើង។
ជាការឆ្លើយតប លោក ម៉ាសាហ៊ីរ៉ុ មីខាមី បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលកន្លងមក បានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកប ដោយភាពទន់ភ្លន់ចំពោះក្ដីកង្វល់ និងសំណូមពររបស់អ្នកវិនិយោគជប៉ុន ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំនិងផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគគ្រប់រូប។
ទន្ទឹមនឹងនេះ លោកមានជំនឿមុតមាំថា ក្រសួង-ស្ថាប័ននៃប្រទេសទាំងពីរ នឹងសម្រេចបាននូវការឯកភាពគ្នាមួយនាពេលឆាប់ៗនេះ ក្នុងការសម្រួលការធ្វើដំណើរឆ្លងដែនរវាងកម្ពុជា-ជប៉ុនដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ស្របតាមស្មារតីនៃកិច្ចពិភាក្សារវាង សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោក ម៉ូតេហ្គី តូស៊ីមីសឺ (Motegi Toshimitsu) រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។
ក្នុងនាមប្រមុខការទូតជប៉ុនប្រចាំកម្ពុជា លោកក៏បានប្តេជ្ញាផ្តល់កិច្ចគាំទ្រក្នុងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីឌ-១៩ នៅកម្ពុជា និងជួយសម្រួលដល់ការធ្វើដំណើរទៅវិញទៅមក រវាងប្រទេសទាំងពីរឡើងវិញ។
នៅទីបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានប្ដេជ្ញាថា នឹងបន្តសហការគ្នាខិតខំដោះស្រាយ ចំពោះរាល់បញ្ហាដែលនៅមានសេសសល់ ជំរុញការផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក បានទាន់ពេលវេលា សម្រួលបែបបទនីតិវិធីឱ្យកាន់តែសាមញ្ញ និងឆាប់រហ័ស ដើម្បីឱ្យគម្រោងវិនិយោគដែលកំពុងដំណើរការ មានសកម្មភាពកាន់តែល្អប្រសើរ ធានាបានការប្រកួតប្រជែង និងភាពឈ្នះឈ្នះ ដែលនេះជាការចូលរួមជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព ។
គួរកត់សម្គាល់ថា គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន១៤៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២.៨ប៊ីលានដុល្លារអាមេរិក ក្នុងនោះមានគម្រោងវិនិយោគចំនួន ៦៦ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបប្រមាណ ៣៤០លានដុល្លារអាមេរិក៕