(ត្បូងឃ្មុំ)៖ លោក គន់ សុភា អភិបារងខេត្តត្បូងឃ្មុំ និងលោកឧកញ៉ា នៅ គន់ និងលោកស្រី សៅ វណ្ណា រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្តនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានរួមគ្នាធ្វើពិធីបុណ្យរាប់បាត្រ ឆ្លងវេនបិណ្ឌទី១ នៅវត្តពោធិ៍ជ័យមង្គល ហៅវត្តដំណាក់ចារ ក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោក គន់ សុភា បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋទំាងអស់មានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើររតាមដងផ្លូវ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ មានការយោគ យល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ក្នុងការធ្វើដំណើរដើម្បីសេចក្តីសុខសុវត្ថិភាពទាំងអស់គ្នា ពិសេសរួមគ្នាបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។
ដោយសទ្ធាជ្រះថ្លា លោក គន់ សុភា និងលោកឧកញ៉ា នៅ គន់ និងលោកស្រី សៅ វណ្ណា រួមទាំងញាតិមិត្តបងប្អូនជិតឆ្ងាយ បានរួមគ្នាប្រគេនបច្ច័យដាក់ជើងបិណ្ឌ ទុកកសាងសមិទ្ធិផលជាបន្តក្នុងវត្តដំណាក់ចារនេះចំនួន ៩,៩៩៩,៩៩៩រៀល ប្រគេនព្រះគ្រូចៅអធិការវត្តចំនួន ៤០ម៉ឺននរៀល ព្រះសង្ឃ០៦អង្គ ក្នុង១អង្គ ៦០,០០០រៀល អាចារ្យ៣នាក់ ក្នុងម្នាក់ ៣០,០០០រៀល គណៈកម្មការវត្ត៤នាក់ ក្នុងម្នាក់ ២០,០០០រៀល ជូនចាស់ជរា២០០នាក់ ក្នុងម្នាក់ ១០,០០០រៀល និងកុមារតូចៗ១០០នាក់ ក្នុងម្នាក់ ២,០០០រៀលផងដែរ។
សូមជម្រាបថាពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល ១៥ថ្ងៃដោយចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះគឺដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យទៅឲ្យមាតាបិតាញាតិកាទាំង៧ សន្តានដែលបានចែកឋាន ដើម្បីឲ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព ម្យ៉ងទៀតប្រជាពលរដ្ឋខ្មែរមានជំនឿថាអ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមក ទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ៕