(ឧត្ដរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលឧត្ដរមានជ័យ និងលោកស្រី រួមជាមួយលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១ នៅវត្តប្រាសាទរាជាសំរោង ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ក្នុងពិធីកាន់វេនបិណ្ឌ១នេះ លោក ប៉ែន កុសល្យ និងក្រុមការងារបាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃ ព្រមទាំងបានរៀបចំប្រារព្វពិធីបែបសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅកាន់បរលោក និងបានបួងសួងសូមឱ្យវត្ថុស័ក្កិសិទ្ធិទាំងពួងតាមជួយថែរក្សាទំនុកបម្រុងចម្រុងចម្រើនដល់មន្ត្រីរាជការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសតាមជួយថែរក្សាប្រទេសជាតិឱ្យមានសុខសន្តិភាពជានិរន្តរ៍តរៀងទៅ។
ជាមួយគ្នានោះដែរលោក ប៉ែន កុសល្យ ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋពីការរីកចម្រើនរបស់ប្រទេសជាតិ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវបន្តការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩ពិសេសត្រូវអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យដាក់បិណ្ឌភ្ជុំបិណ្ឌ ប្រជាពុទ្ធបរិស័ទតែង តែរួមគ្នាធ្វើបុណ្យធ្វើទានតាមទីអារាម ដោយមាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ និងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនិងបច្ច័យយកមកប្រគេន ព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូន ជីតា ញាត្តិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃ ដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់ បិណ្ឌ និងភ្ជុំបិណ្ឌនេះឱ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ៕